បាល់ទាត់ជើងឯកជាតិថ្ងៃនេះ ភ្នំពេញក្រោន ទទួលណាហ្កាវើល

(កម្ពុជា)៖ ការប្រកួតបាល់ទាត់ជើងឯកជាតិ ២០១៩ រឺលីហ្គកំពូលកម្ពុជា នៅសៅរ៍នេះ មានបួនប្រកួត ក្នុងនោះគូដែលត្រូវគេចាប់អារម្មណ៍ខ្លាំងជាងគេ គឺ ភ្នំពេញក្រោន និងណាហ្កាវើល។

ក្លិបទាំងពីរនេះជួបគ្នានៅម៉ោង ៦និង០០នាទីនៅទឹកដី Smart RSN។ ជើងទី១ នៅទឹកស្តាតចាស់(ដីណាហ្កាវើល) ភ្នំពេញក្រោន ចាញ់ណាហ្កា ០ទល់នឹង៣ កាលពីថ្ងៃទី៥ ខែឧសភា កន្លងមកនេះ។

មុនជួបគ្នាថ្ងៃនេះសប្តាហ៍កន្លងទៅ ភ្នំពេញក្រោន បានយកឈ្នះអាស៊ីអឺរ៉ុប ៤ទល់នឹង៣យ៉ាងលំបាកនៅក្រៅ ខណៈដែលណាហ្កា បាត់បង់បីពិន្ទុ ក្រោយចាញ់គីរីវង់សុខសែនជ័យ ០ទល់នឹង២។

ពេលនេះ ណាហ្កាវើលបន្តឈរនៅលេខ២ក្នុងតារាងជើងឯក មាន៤០ពិន្ទុ ក្រោយលេងបាន១៨ប្រកួត ស្មើគ្នាក្រុមលេខ៣ វិសាខា និងដេញតាមអ្នកនាំមុខព្រះខ័នរាជស្វាយរៀង ដល់ទៅ៨ពិន្ទុ។ ចំនែកភ្នំពេញក្រោនឈរនៅលេខ៦ មាន៣១ពិន្ទុ ចាញ់ណាហ្កាវើល៩ពិន្ទុ។

ប្រវត្តិជួបគ្នាកន្លងមក ៥ប្រកួតចុងក្រោយគិតចាប់ពីឆ្នាំ២០១៧ក្នុងការប្រកួតលីហ្គកំពូល ណាហ្កាឈ្នះ បីប្រកួត ស្មើមួយ និងចាញ់មួយប្រកួត។ រីឯពីរដងក្នុងជំនួបពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ភ្នំពេញក្រោនមិនដែលឈ្នះណាហ្កាទេ

ដោយឡែកបីប្រកួតទៀតដែលលេងនៅថ្ងៃសៅរ៍នេះ គឺខេត្តកំពង់ចាម ទទួលវិសាខា នៅស្តាតចាស់ បឹងកេត ទទួលយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រុម១៨ឆ្នាំ នៅបឹងស្នោរ និងអគ្គិសនីកម្ពុជា ទទួលអាស៊ីអឺរ៉ុប នៅទឹកដីអគ្គិសនីកម្ពុជាសាខាវត្តភ្នំII (ទូលសង្កែ)៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង