ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រង​ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍​ នឹងបើក​ឲ្យដំណើការ​​ឆាប់ៗ​នេះ​

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានរៀបចំ “ប្រព័ន្ធបច្ចេកវិទ្យា E-Certificate សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍” ដែលគ្រោងនឹងប្រកាសដាក់ជាផ្លូវការ នាពេខាងមុខនេះ។

បើតាមក្រសួងទេសចរណ៍ ប្រព័ន្ធ E-Certificate គឺជាប្រព័ន្ធ Intranet សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ដែលមានមុខងារសំខាន់ៗដូចជា៖ (១)-ជួយសម្រួលដល់ការចេញវិញ្ញាបនបត្រច្រើនប្រភេទដូចជាដល់វគ្គបណ្តុះបណ្តាលដោយក្រសួង មន្ទីរទេសចរណ៍ ឬដោយសាលាវិជ្ជាជីវៈទេសចរណ៍ដែលទទួលស្គាល់ពីក្រសួងទេសចរណ៍ (២)-ជួយដល់ការគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍តាមអនឡាញ (៣)-បញ្ជាក់អត្ថសញ្ញាណ Profile របស់សិស្ស-និសិ្សត និងអ្នកចូលរួមវគ្គបណ្តុះបណ្តាល(៤)-រក្សាទិន្នន័យនិង​តាម​ដាន​ជំនាញ​វិជ្ជាជីវៈរបស់សិស្ស-និសិ្សត (Tourism Skill Passport)។

ប្រព័ន្ធ E-Certificate នេះនឹងផ្តល់ភាពងាយស្រួលដល់សាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសិស្ស-និសិ្សត ក្នុងការគ្រប់គ្រង និងរក្សាទុកទិន្នន័យ និងព័ត៌មានចាំបាច់នានា ​ដោយ​មិនភ័យ​ព្រួយ​ក្នុងការបាត់បង់ ឬការក្លែងបន្លំ និងក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការគាំទ្រដល់យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍(២០១៨-២០២៥) ឆ្ពោះទៅសម្រេចបានគោលដៅ “បុគ្គលិកម្នាក់ជំនាញ មួយ” ឱ្យបាននៅឆ្នាំ២០២៥ និងការសិក្សាពេញមួយជីវិត (Long Life Learning) នៅឆ្នាំ២០៣០ សម្រាប់យុវជនកម្ពុជានៅក្នុងវិស័យទេសចរណ៍។

ប្រព័ន្ធនេះទៅថ្ងៃអនាគតនឹងត្រូវក្លាយជា Platform មួយដែលអាចផ្គូរផ្គង (Matching) ជាមួយប្រព័ន្ធស្នើសុំអាជ្ញាបណ្ណទេសចរណ៍អនឡាញដោយស្វ័យប្រវត្តិដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងសម្រួលឱកាសឱ្យយុវជនកម្ពុជាដែលកំពុងបំរើការងារក្នុងវិស័យទេសចរណ៍អាចទទួលបានការលើកទឹកចិត្តពីម្ចាស់អាជីវកម្មទេសចរណ៍ឱ្យទៅពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ(In-House Training) ឬក្នុង​ការហ្វឹកហាត់ការងារ Apprenticeship) ជាដើម។

សូមបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នេះគ្រោងនឹងប្រកាសដាក់​​ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាចុងខែកញ្ញា ឆ្នាំ​២០​១៩ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com