តុលាការនឹងប្រកាសសាលក្រមសំណុំរឿង អតីតនិពន្ធនាយក និងបុគ្គលិក វិទ្យុអាស៊ីសេរី នៅចុងខែសីហានេះ

(ភ្នំពេញ)៖ បន្ទាប់ពីសាកសួរដេញដោលចប់សព្វគ្រប់ លោក អ៊ឹម វណ្ណៈ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿង
អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២នាក់ ពាក់ព័ន្ធរឿង លួចផ្តល់ព័ត៌មានឲ្យបរទេស និងផលិតវីដេអូអាសអាភាស ទៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ខាងមុខ។

សវនាការនៅព្រឹកនេះត្រូវបានធ្វើឡើងជាអសាធារណៈ ដោយផ្តោតសំខាន់លើបទល្មើសផលិតវីដេអូអាសអាភាស។

សូមជម្រាបជូនថា នៅក្នុងសវនាការកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ជនជាប់ចោទ បដិសេធថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។

គួររំលឹកថា លោក អួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា អតីតបុគ្គលិក របស់វិទ្យុអាស៊ីសេរី (RFA) ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ នៅក្នុងបន្ទប់សណ្ឋាគារ ម៉ារឌី ស្ថិត នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ជនជាប់ចោទទាំង ២នាក់ខាងលើ ត្រូវតុលាការចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃ សម១ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្រោយមកនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ជនជាប់ចោទទាំង ២នាក់ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពជាបណ្តោះអាសន្នវិញ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com