ស​.​ស​.​ស​.​ក បង្កើតឡើងបាន ៣​ឆ្នាំ​ហើយ​!

(​ភ្នំពេញ​)៖ ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៦-​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩ គិត​មកដល់​ថ្ងៃនេះ គឺមាន​រយៈពេល ៣​ឆ្នាំ​គត់ នៃ​ការបង្កើត​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក​។

​លោក ហ៊ុយ វណ្ណៈ ប្រធាន ស​.​ស​.​ស​.​ក បាន​លើកឡើងថា «​ស្ថាបនិក​ជាង ២០​នាក់ នៅក្នុង​រូបថត​នេះ បាន​មូលមតិ​គ្នា​បង្កើត ស​.​ស​.​ស​.​ក ហើយ​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ​ប្រគល់​ភារកិច្ច​ឲ្យ​ខ្ញុំ​ជា​ប្រធាន​ដឹកនាំ​។ នេះ​គឺជា​ការងារ​ស្ម័គ្រចិត្ត ហើយ​យើង​ចាប់ផ្តើម​ពី «​បាតដៃ​ទទេ​» ដោយមាន​ត្រឹម «​ការឯកភាព​, ផែនការ​សកម្មភាព​, និង​សេចក្តីសង្ឃឹម​» ជាដើម​ទន់​»​។

​លោក ហ៊ុយ វណ្ណៈ បន្ថែមថា «​សមាជិក​របស់​យើង​ជាច្រើន​ទៀត បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​សកម្មភាព​នេះ ជា​បន្តបន្ទាប់ ហើយ​រីកចម្រើន​ឡើង តែ​ក្នុង​រយៈពេល​ដ៏​ខ្លី​។ លើសពីនេះ យើង​មិន​នឹកស្មាន​ដល់​ថា ពី​បាត​ដៃទទេ ជាមួយនឹង​សកម្មភាព​បន្តបន្ទាប់ រួមទាំង​គំនិត​គូសវាស​ជាប្រចាំ​ថ្ងៃ ក៏​ស្រាប់តែ​សមិទ្ធផល ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា បានកើត​ឡើង នោះ​គឺ «​អគារ​សេរីភាព​»​។ វត្ថុ​នេះ មិនមែន​ធ្លាក់​ពីលើ​មេឃ​ទេ​! តម្លៃ​ដែល​បង់​គឺ​៖ «​ទស្សនៈ​វិស័យ​, ជំនឿ​ទុកចិត្ត​, ការលះបង់​, និង​ការចូលរួម​»​។

​លោក ហ៊ុយ វណ្ណៈ បន្ថែមថា «​ស្ថាបនិក​គ្រប់គ្នា មាន​ចំណែក​ក្នុង​បេសកកម្ម​នេះ ហើយ​ការតស៊ូ​របស់​យើង​ទៅមុខទៀត គឺ​យើង​មិន​អ​ព្យា​ក្រិ​ត្យ​ជាមួយ​បរទេស ដែល​ផ្សាយ​បង្ខូច​តម្លៃ​ជាតិ​សាសន៍​កម្ពុជា​យើង​នោះទេ​»​។​

​គេហទំព័រ​សហភាព​ស​ហ​ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក បាន​ផ្សព្វផ្សាយ​ថា ស​.​ស​.​ស​.​ក បង្កើតឡើង​មានបំណង​តែមួយគត់ ដើម្បី​ផលប្រយោជន៍​គ្រួសារ​អ្នកសារព័ត៌មាន ប្រទេសជាតិ ប្រជាជន និង​មាតុភូមិ​កម្ពុជា​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) គឺ​បង្កើត​ឡើងមក​បាន​ដោយមាន​ការចូល​រួមគំនិត និង​ទស្សនៈវិស័យ​ដូចគ្នា​របស់​អ្នកសារព័ត៌មាន ដែលជា​អ្នកដឹកនាំ​នៅតាម​ស្ថាប័ន​ផ្សព្វផ្សាយ​ដូចជា​៖ ទូរទស្សន៍ វិទ្យុ APP កាសែត និង​គេហទំព័រ ជាដើម​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ទទួលបាន​ការអនុញ្ញាត​អោយ​ដំណើរការ​ជា​ផ្លូវការ ដោយ​ក្រសួង​ព័ត៌មាន តាមរយៈ​ប្រកា​សលេខ​៖ ២៨៩ ព​.​ម​ប្រក ចុះ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៦ ដើម្បី​បំពេញ​តួនាទី​ស្របតាម​លក្ខន្តិកៈ និង​គោលបំណង​របស់ខ្លួន​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានកំណត់​យក​ថ្ងៃ​ទៅ​៨ សីហា ឆ្នាំ​២០១៦ ជា​ថ្ងៃ​ចាប់បដិសន្ធិ និង​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា មាន​សមាជិក​ស្ថាបនិក ២០​រូប និង​មាន​ទីប្រឹក្សា ៨​រូប ដែលជា​ថ្នាក់ដឹកនាំ​វិស័យ​ព័ត៌មាន ព្រមទាំង​អ្នកសារព័ត៌មាន​កម្ពុជា ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ​។
​ក្នុង​រយៈពេល ២​សប្ដាហ៍ បន្ទាប់ពី​ចាប់បដិសន្ធិ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ទទួលបាន​សមាជិក​ពេញសិទ្ធិ​ជាង ៦០០​នាក់​។​

​យើង​បាន​យល់ស្រប​ថា នៅ​ព្រះរាជាណាចក្រ​កម្ពុជា សេរីភាព​សារព័ត៌មាន សេរីភាព​ការសម្ដែង​មតិ និង​ការបោះពុម្ពផ្សាយ បាន និង​កំពុង​វិវឌ្ឍន៍​ទៅរក​លក្ខណៈ​ភាព​កាន់តែ​ល្អប្រសើរ​។ វឌ្ឍនភាព​នេះ ទទួលបាន​ការអបអ​រ​សាទរ​ពី​រាជរដ្ឋាភិបាល មតិ​ជាតិ និង​អន្តរជាតិ ព្រមទាំង​សាធារណៈជន​។ ដូច្នេះ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដែល​បាន​កើតឡើង​នេះ នឹង​ដើរតួនាទី ក្នុងការ​បំពេញបន្ថែម និង​រួមចំណែក​ជួយ​ឲ្យ​សេរីភាព​សារព័ត៌មាន សេរីភាព​សម្ដែង​មតិ ការបោះពុម្ពផ្សាយ ព្រមទាំង​ដើម្បី​ឲ្យ​អោយ​ប្រសិទ្ធិភាព និង គុណភាព សេរីភាព​សារព័ត៌មាន សេរីភាព​សម្ដែង​មតិ ការបោះពុម្ពផ្សាយ បាន​កាន់តែ​ល្អប្រសើរ​ជា​បន្តទៀត​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា នឹង​បន្ត​ដើរតួនាទី ក្នុងការ​ប្រមូលផ្ដុំ​អ្នកសារព័ត៌មាន​គ្រប់ផ្នែក ដើម្បី​រួមគ្នា​កសាង​ភាពជា​ដៃគូ​ទាំង​ក្នុង​កម្រិត​ជាតិ និង​កម្រិត​អន្តរជាតិ ដើម្បី​ជួយ​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក ជួយ​បណ្ដុះបណ្ដាល​គ្នា​ទៅវិញទៅមក ជួយ​ពង្រឹង​សីលធម៌​វិ​ជា្ជ​ជីវៈ ជួយ​ពង្រឹងសមត្ថភាព​វិ​ជា្ជ​ជីវៈ ជួយ​គាំពារ​អ្នកសារព័ត៌មាន ជួយ​ដោះស្រាយ​បញ្ហា ការ​ប្រឈម និង​ការលំបាក​របស់​អ្នកសារព័ត៌មាន ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ស្មារតី ជាពិសេស​ជួយ​តម្រែតម្រង់​មនសិកា​វិជ្ជាជីវៈ​ក្នុងសង្គម​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង