ប្រធានាធិបតីស្រីលង្កា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូអញ្ជើញចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រ នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង

(ភ្នំពេញ)៖ នាវេលាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូអញ្ជើញចូលថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្ដរជាតិ ទស្សនកិច្ច​លើក​ដំបូងមកកាន់កម្ពុជារបស់​ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការ​ពង្រឹងចំណងមិត្តភាព និង​ពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងវប្បធម៌ រវាងកម្ពុជា​និងស្រីលង្កា។

នៅពេលនេះ ឯកឧត្តមប្រធានាធិបតី កំពុងតែជួបប្រជុំទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងអំឡុងពេលនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី​ នៅក្នុង វិស័យជាច្រើននឹងត្រូវលើកយកមកពិភា​ក្សាសំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាព រវាងប្រទេសទាំងពីរ ដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនា។ ថ្នាក់​ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយ​បារម្ភ និងផលប្រយោជន៍រួមផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមប្រធានាធិបតី និង​សម្តេចតេជោនាយករដ្ឋមន្រ្តី នឹង​អញ្ជើញធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឯកឧត្តមប្រធានាធិបតី ​នឹងអញ្ជើញទៅកាន់​វត្តលង្កា និងប្រគេន​សម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូន ដើមពោធិ៍នៃមហាពោធិព្រឹក្សពីក្រុងអនុរាធបុរៈ។ បន្ទាប់មក ឯកឧត្តម នឹងអញ្ជើញចូលរួមក្នុង​ពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលទទួល អំណោយដើមឈើប្រភេទនេះចំនួន​១០​ដើម ពីឯកឧត្តមប្រធានាធិបតី។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងសមាជិក​គណៈ​ប្រតិភូ ក៏នឹង​អញ្ជើញទៅទស្សនា​ប្រាសាទនានា ​នៅក្នុងឧទ្យានអង្គរ ក្នុងខេត្តសៀមរាបផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង