អភិបាលខេត្តព្រះវិហារប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះ បុគ្គលណាដែលយកឈ្មោះរបស់លោកទៅប្រើដើម្បីដឹកឈើ
(ព្រះវិហារ)៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ជាសាធារណៈថា នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ទៅលើបុគ្គល ឬក្រុមជនខិលខូចណា ដែលបានយកឈ្មោះ របស់ឯកឧត្តម ទៅប្រើប្រាស ដើម្បីធ្វើជាខែលសម្រាបដឹកជញ្ជូនអនុផលព្រៃឈើ រឺសកាប់បំផ្លាញព្រៃ យកដីមកកាន់កាប់ដោយខុសច្បាប់ រយះកាលកន្លងមកនេះ ត្រូវបញ្ឈប់ជាបន្ទាន់បើមិនមានកាបញ្ឈប់ទេនោះ ឯកឧត្តមនឹងមានវិធានការយ៉ាងតឹងរឹងបំផុត ដើម្បីចាត់ការ ទៅលើបុគ្គល ឬក៏បក្សពួកក្រុមឧក្រិដ្ឋជនព្រៃឈើទាំងនោះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន់នោះឡើយ។
ការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សុវណ្ណ បានធ្វើឡើង នៅក្នុងដំណើរចុះសួរសុខទុក្ខ ចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦៥០គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅទីបញ្ជាការវរសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ។ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែខាងត្បូង ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អភិបាលខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមទាំងអស់គ្នាទប់ស្កាត់បទល្មើសព្រៃឈើបញ្ហាគ្រឿងញៀនការលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ក្នុងគោលបំណងទៅរកកាប់ឈើប្រណិតហាមដាច់ខាតមិនឲ្យកើតមាននៅតាមស្រុកក្រុង និងតាមបណ្តាគោលដៅសំខាន់ៗ ទូទាំងខេត្តដោយអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះបុគ្គលដែលពាក់ព័ន្ធ នឹង ការប្រព្រឹត្តល្មើសធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធខ្ពស់។ បន្ថែមពីនោះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការស្នើសុំទៅដល់អនាព្យាបាលទាំងអស់ ខិតខំប្រឹងប្រែងអប់រំកូនចៅឱ្យក្លាយទៅជាពលរដ្ឋល្អ ដើម្បីរួមចំណែកអភិវឌ្ឍសង្គម ជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើហឹង្សានៅក្នុងគ្រួសារ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានបង្ហាញថា ខេត្តព្រះវិហារមានប្រជាពលរដ្ឋសរុប ២២២.៣៥៩នាក់ ស្រីចំនួន ១០៨.៤៤១នាក់ ស្មើនឹង៥៣.០១១១គ្រួសារ ចែកចេញជា ២២៩ភូមិ មាន៤៩ឃុំ ០២សង្កាត់ ០៧ស្រុក ០១ក្រុង។ អតីតយុទ្ធជនមានសរុបចំនួន ២,០៦៣នាក់ នៅក្នុងនោះ÷ មុខសញ្ញាជនពិការ មានចំនួន៧៣៩នាក់ មុខសញ្ញា និវត្តជន មានចំនួន៥៩៤នាក់ មុខសញ្ញាបាត់បង់ មានចំនួន៦៣នាក់ មុខសញ្ញាពលី មានចំនួន ៥៤១នាក់ និងមុខសញ្ញា មរណៈ មានចំនួន ១២៦នាក់៕ (SN-សួនពិសិដ្ឋ)

