អ្នកនាំពាក្យតុលាការសាលាឧទ្ធរណ៍ បកស្រាយថា ជារឿងមិនត្រូវ ដែលថាសំណុំរឿង៥០ភាគរយ ត្រូវបានកកស្ទះ ដោយមិនអាចជំនុំជម្រះទាន់ពេលវេលា

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់របស់សាលាឧទ្ធរណ៍ នៅថ្ងទី៧ ខែសីហា ឆ្នាំ២០១៩នេះ បានបកស្រាយថា ជារឿងមិនត្រូវនឹងតថភាពជាក់ស្តែងសោះ ដែលថាសំណុំរឿង ៥០ភាគរយ ត្រូវបានកកស្ទះ ដោយមិនអាចជំនុំជម្រះទាន់ពេលវេលានៅសាលាឧទ្ធរណ៍។

លោក ទូច ថារិទ្ធ អគ្គលេខាធិការ និងជានាំពាក្យសាលាឧទ្ធរណ៍ «បានលើកឡើងថា ក្រោយពីបានអានការផ្សាយរបស់ Swift News Daily កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ តាមរយៈសន្និសីទសារពត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ក្នុងនោះ បានបញ្ជាក់ថា៖ បញ្ហាកកស្ទះសំណុំរឿងនៅតុលាការ នៅតែជាកង្វល់របស់ក្រសួងយុត្តិធម៌ ការកកស្ទះសំណុំរឿងភាគច្រើននៅតុលាការសាលាឧទ្ធរណ៍ ដែលសព្វថ្ងៃយើងមានតែមួយទេ នៅភ្នំពេញ ។ ដូច្នេះហើយបានជាក្រសួងយុត្តិធម៌ បង្កើតតុលាការសាលាឧទ្ធរណ៍តំបន់កំពុងសាងសង់នៅ ៣ខេត្ត (ត្បូងឃ្មុំ បាត់ដំបង និងខេត្តព្រះសីហុន)។ ក្នុងនោះ សំណុំរឿងដែលចូលទៅតុលាការទូទាំងប្រទេសប្រមាណជា៥០ភាគរយ ជាសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន»។

នៅក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសមិទ្ធិផលមួយឆ្នាំ ក្រោយការបោះឆ្នោត លោក ជិន ម៉ាលីន បានលើកឡើងទៀតថា ជាដំណោះស្រាយលើបញ្ហាកកស្ទះសំណុំរឿងនេះ ក្រសួងយុតិ្តធម៌ បានដាក់ចេញនូវដំណោះស្រាយរយៈពេលវែង ដោយការបង្កើតតុលាការឧទ្ធរណ៍តំបន់ ព្រមទាំងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយបង្កើតមណ្ឌលសេវាយុត្តិធម៌ ដែលសព្វថ្ងៃមានចំនួន៦៨កន្លែង ហើយទៅថ្ងៃក្រោយ នឹងបង្កើតគ្រប់ក្រុងស្រុកខណ្ឌ ទូទាំងប្រទេស។

ត្រង់ចំណុចនេះ អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានបញ្ជាក់ថា ជាការមិនត្រឹមត្រូវទៅនឹងសភាពជាក់ស្តែងនៅសាលាឧទ្ធរណ៍ ដែលសំណុំរឿងមិនមានការកកស្ទះដូចការលើកឡើងខាងលើឡើយ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានបន្តទៀតថា «សូមជម្រាបជូនសាធារណៈជន និងប្រព័ន្ធសារពត៌មានទាំងអស់ ជ្រាបថាៈ ការជម្រាបជូនពត៌មាននាពេលនេះ ជៀសវាងការភ័ន្តច្រឡំថាមន្ត្រីសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ មិនបានយកចិត្តទុកដាក់លើចំណាត់ការរបស់ខ្លួនតែប៉ុណ្ណោះដោយសារទទួលនូវពត៌មានខាងលើ»។

លោក ទូច ថារិទ្ធ បានបន្ថែមថា មន្ត្រីទាំងអស់អបអរចំពោះការបង្កើតសាលាឧទ្ធរណ៍តំបន់ ដើម្បីសម្រួលដល់ការដោះស្រាយលើបណ្តឹងឧទ្ធរណ៍នៃសំណុំរឿង និងអាចជួយសម្រួលដល់ការធ្វើដំណើររបស់ភាគី និងមធ្យោបាយដឹកជញ្ជូនជនជាប់ចោទ ពិរុទ្ធជន ជាដើម។  ប៉ុន្តែជុំវិញការបង្កើតនេះមានបញ្ហាច្បាប់ពាក់ព័ន្ធជាច្រើនក៏ត្រូវបំពេញផងដែរ។

អ្នកនាំពាក្យរូបនេះ បានបកស្រាយថា នៅគ្រប់តុលាការ  អាចមានការកកស្ទះដោយសារចាត់ការមិនទាន់ ប៉ុន្តែបញ្ហាខ្លះ តុលាការមិនអាចនឹងចាត់ការបានលឿនឡើយ បើមិនមានការចូលរួមសហការតាមនីតិវិធី ពីគ្រប់ភាគីពាក់ព័ន្ធ និងការគាំទ្រផ្សេងទៀត ដែលមិនស្ថិតក្នុងអំណាចតុលាការ។ ការដោះស្រាយសំណុំរឿងនៅសាលាឧទ្ធរណ៍ បច្ចុប្បន្នពុំមានការកកស្ទះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកជាប់ឃុំទេ។

យោងតាមរបាយការណ៍របស់អគ្គលេខាធិការសាលាឧទ្ធរណ៍ បានឲ្យដឹងថា សំណុំរឿងគ្រឿងញៀននៅក្នុងឆ្នាំ២០១៩នេះ មានចំនួន១៩៧០ករណី ហើយ៤១៥សំណុំរឿងកំពុងត្រូវបានចាត់ការ រីឯ១៥៥៥សំណុំរឿងទៀត នៅសល់ត្រូវចាត់ការបន្ត (ដូចមានបញ្ជីស្ថិតិជូនភ្ជាប់មកជាមួយ)៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង