CDC រៀបចំយន្តការពិសេស​សម្រាប់ទាក់ទាញ​ការវិនិយោគ​ និងពាណិជ្ជកម្ម​នៅតាមតំបន់​ជាយ​ដែន​កម្ពុជា​

(បន្ទាយមានជ័យ​)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះសិក្សា និងស្វែងយល់បន្ថែមលើស្ថាន​ភាព​ជាក់ស្តែងនៃសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅខេត្តបន្ទាយមានជ័យ និងនៅក្រុងប៉ោយប៉ែត សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំដាក់ចេញនូវយន្តការពិសេស សម្រាប់ទាក់ទាញការវិនិយោគតាមតំបន់ព្រំដែនឱ្យកាន់តែច្រើន។

ទស្សនកិច្ចសិក្សា នៅថ្ងៃទី៥ ខែសីហា ដឹកនាំដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយ​ករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចែកចេញជាពីរផ្នែកសំខាន់ៗ គឺ (១) កិច្ច​ប្រជុំ​ការងាររវាងគណៈប្រតិភូអន្តរក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ និង (២) ទស្សនកិច្ច​នៅ​ច្រកទ្វារអន្តរជាតិ និងច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។

នៅក្នុងកិច្ចប្រជុំការងាររវាងគណៈប្រតិភូអន្តរក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ អង្គប្រជុំបានពិភាក្សាពីប្រធានបទសំខាន់ៗចំនួន៤ រួមមាន (១) ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន, (២) ការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ, (៣) ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការរៀបចំឡើងវិញនូវការលើកទឹកចិត្តដល់ការវិនិយោគទាំងនោះ, និង (៤) ការរៀបចំបង្កើនការសម្រួលពាណិជ្ជកម្ម និងសម្រួលផ្នែកឡូជីស្ទីកនៅតាមជាយដែន ឬតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងការងារនេះ។

ជាមួយគ្នានេះ គណៈប្រតិភូបានចុះទៅពិនិត្យមើលច្រកទ្វារអន្តរជាតិស្ទឹងបត់, ច្រកទ្វារអន្តរជាតិប៉ោយ​​ប៉ែត និងច្រកព្រំដែនអូរនាង​ ហើយបានពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគ ​ដែលកំពុង​មានប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៃខេត្តបន្ទាយមានជ័យ។ នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុនវិនិយោគ បានលើកឡើងអំពីសកម្មភាពនិងព័ត៌មានទាក់ទងប្រតិបត្តិការវិនិយោគរបស់ខ្លួន ព្រមទាំងបញ្ហាប្រឈម និងសំណូមពរមួយចំនួនជូនដល់អង្គប្រជុំ ​សម្រាប់​ជា​មូល​ដ្ឋានក្នុងការរៀបចំយន្តការជាក់ស្ដែងនានា សំដៅសម្រេចឱ្យបាននូវគោលបំណងដែលបានលើកឡើងខាងលើ។

ឯកឧត្តម សុខ ចិន្តាសោភា ក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាបង្កើនការខិតខំប្រឹងប្រែងបន្ថែម​ទៀត ដើម្បីសម្រួលប្រតិបត្តិការនៃគម្រោងវិនិយោគបច្ចុប្បន្ន សំដៅទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមមកបណ្តាក់ទុននៅតាមតំបន់ជាយដែនរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com