កម្មវិធី «​ឋានសួគ៌ ឬ​ឋាននរក​» របស់​ទូរទស្សន៍​ហង្ស​មាស រង​ការរិះគន់​ផ្ទួនៗ ដោយសារ​ការផ្តល់​ចម្លើយ​ខុស​!

(​ភ្នំពេញ​)៖ ត្រឹម​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ កម្មវិធី «​ឋានសួគ៌ ឬ​ឋាននរក​» របស់​ទូរទស្សន៍​ហង្ស​មាស បានទទួល​រង​នូវ​ការរិះគន់​ផ្ទួនៗ ដោយសារតែ​សួរ​សំណួរ​បេក្ខជន ហើយ​បែរជា​ផ្តល់​ចម្លើយ​ខុស​ទៅវិញ​។ ទី​១-​រឿង​ផ្លូវគោក មាន​ប៉ុន្មាន​ប្រភេទ​? និង​ទី​២-​រឿង​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​ប៉ុន្មាន​ថ្ងៃ​?

​នៅ​ដើម​សប្តាហ៍​នេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កក្រើក​ករណី​ពិធី​ការិនី​ទូរទស្សន៍​ហង្ស​មាស សួរ​សំណួរ​បេក្ខជន អំពី​ផ្លូវគោក តើ​មាន​ប៉ុន្មាន​ប្រភេទ​? សំណួរ​នេះ ត្រូវបាន​បេក្ខជន ឆ្លើយថា មាន ២​ប្រភេទ គឺ​ផ្លូវថ្នល់ និង​ផ្លូវដែក​។

​ក៏ប៉ុន្តែ​បែរជា​ពិធី​ការិនី សម្រេច​ថា បេក្ខជន​ឆ្លើយ​ខុស ហើយ​នាង​បាន​បកស្រាយ​ថា ផ្លូវគោក មាន ៣ ប្រភេទ​ទៅវិញ​។ ពិធី​ការិនី និង​តំណាង​ទូរទស្សន៍​ហង្ស​មាស បាន​សំអាង​លើ​សៀវភៅ​វិញ្ញាសារ រៀបចំ​ដោយ​គ្រូបង្រៀន​ម្នាក់​។​

​តែ​សៀវភៅ​សិក្សា​របស់​ក្រសួង​អប់រំ រួមទាំង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សរសេរ​បោះពុម្ព និង​បាន​ចេញមក​ប្រកាស​ភ្លាម​ថា ផ្លូវគោក មាន ២ ប្រភេទ គឺ​ផ្លូវថ្នល់ និង​ផ្លូវដែក​។ ដូច្នេះ​មានន័យថា បេក្ខជន បាន​ឆ្លើយ​ត្រឹមត្រូវ​។ ករណីនេះ ក្រោយមក ទូរទស្សន៍​ហង្ស​មាស ក៏បាន​សម្រេច​ឲ្យ​បេក្ខជន​នោះ ជាប់​ទៅ​វគ្គ​បន្ត និង​ផ្តល់នូវ​រង្វាន់ ១០០០ ដុល្លារ​វិញ​។​

​រំលង​បានតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ «​កម្មវិធី ឋានសួគ៌ ឬ​ឋាននរក​» របស់​ទូរទស្សន៍​ហង្ស​មាស ដដែល ក៏បាន​ទទួលរង​នូវ​ការរិះគន់​ជាថ្មីទៀត​។ នោះ​គឺ​សំណួរ​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ តើ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​?

​សំណួរ​នេះ ត្រូវបាន​បេក្ខជន ឆ្លើយថា ១៥ ថ្ងៃ​។ តែ​ពិធី​ការិនី ផ្តល់​ចម្លើយ​ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មាន​រយៈពេល ៣០ ថ្ងៃ​។​

​ប៉ុន្តែ​តាមពិត ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មាត្រា ៧២ កំណត់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មាន​រយៈពេល ២១ ថ្ងៃ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ចម្លើយ​នេះ តំណាង​ទូរទស្សន៍​ហង្ស​មាស បាន​បកស្រាយ​ថា ពួកគេ​យោង​លើ​ច្បាប់បោះឆ្នោត​ចាស់​។

​ប៉ុន្តែ​ក្រោយពី​កែប្រែ ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​កំណត់ថា “​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មាន​រយៈពេល ២១​ថ្ងៃ ប៉ុណ្ណោះ​”​។​

​តាម​ជំនាញ អ្នក​ទូរទស្សន៍ ករណីនេះ មិនមែនជា​កំហុស​របស់​ពិធីករ​ទេ តែ​ជា​កំហុស​របស់​ផលិតករ ( Producer ) ដែល​បានរៀបចំ​កម្មវិធី​នេះ ឲ្យ​ពិធីករ ធ្លាក់ទឹក​ទាំងអស់គ្នា​។​

​តែ​យ៉ាងណាក៏ដោយ ពិធីករ ក៏​គួរតែ​ពិនិត្យឡើងវិញ មុននឹង​ឡើង​ទូរទស្សន៍ ដឹកនាំ​កម្មវិធី​ផ្សាយ ព្រោះ​ពិធីករ ជា​ចំណុច​ស៊ី​ប​មុនគេ​។ កាលណា ខ្លួន​មិនដឹង ខ្លួន​មិន​ច្បាស់ ហើយ​ខំ​ធ្វើ​អំណះអំណាង នោះ​នឹង​ប៉ះ​ទៅដល់​គុណ​តម្លៃ​របស់​ពិធីករ​។​

​ប៉ុន្តែ​យ៉ាងណា ក្នុង​កម្មវិធី​ទូរទស្សន៍ គឺជា​កំហុសឆ្គង​ធំ ចាប់ផ្តើម​ពី​ផលិតករ ដែល​ទទួលខុសត្រូវ​ក​ម្ម​វិធី​នោះ​មុនគេ ហើយ​និង​ខ្វះ​ការស្វែងយល់​របស់​ពិធីករ​។​

​តែ​និយាយ​នេះ មិនមែន​ឲ្យ​ពិធីករ ឡើងចាង មិន​ស្តាប់​តាម​ការរៀបចំ​របស់​ផលិតករ​នោះទេ​។ ប៉ុន្តែ​បើសិនជា​ផលិតករ រៀបចំ​ខុស ដូច​ករណី​កម្មវិធី «​ឋានសួគ៌ ឬ​ឋាននរក​» របស់​ទូរទស្សន៍​ហង្ស​មាស គឺ​បើ​ផលិតករ រៀបចំ ដោយ​កំហុសឆ្គង ឲ្យ​ពិធីករ អាន​ផ្សាយ​ដូច្នេះ នោះ​បើសិនជា ពិធីករ មាន​ចំណេះដឹង​ទូលំទូលាយ ហើយ​ចេះ​ស្វែងយល់​បន្ថែម នោះ​នឹង​អាចជួយ​ផលិតករ​បាន​។​

​សរុបមក រាល់​កម្មវិធី​ទូរទស្សន៍ ឬ​វិទ្យុ គឺ​ផលិតករ ដែលជា​រៀបចំ និង​ទទួលខុសត្រូវ​កម្មវិធី​កម្សាន្ត អប់រំ ឬក៏​កម្មវិធី​ព័ត៌មាន ជាដើម ទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវមាន​ចំណេះដឹង​ទូលំទូលាយ ដោយ​ស្រាវជ្រាវ យោង​ឯកសារ​គ្រប់គ្រាន់ មុននឹង​រៀបចំ​កម្មវិធី​ឲ្យ​ពិធីករ អាន ផ្សាយ ឬក៏​ជជែក វែកញែក ចោទ​ជា​សំណួរ និង​ផ្តល់​ជា​ចម្លើយ ទៅកាន់​បេក្ខជន ឬ​វាគ្មិន​។ រីឯ​ពិធីករ​វិញ ក៏​តោង​តែមាន​ចំណេះដឹង​ទូទៅ​គ្រាន់បើ​ដែរ ហើយ​ចេះ​ស្រាវជ្រាវ​បន្ថែម ដោយមាន​អំណះអំណាង​សមស្រប និង​ត្រឹមត្រូវ​។

​យ៉ាងណាមិញ កំហុស​ទាំងពីរ​ខាងលើនេះ គួរតែ​ទូរទស្សន៍​ហង្ស​មាស កែតម្រូវ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ឲ្យ​មែនទែន មុននឹង​ផ្សាយ ដើម្បី​ជៀសវាង នាំ​ឲ្យ​មានការ​យល់​ខុស ដល់​ប្រជាពលរដ្ឋ ពិសេស​សិស្ស ដែល​កំពុង​សិក្សា និង​ត្រៀមប្រឡង ព្រោះ​សំណួរ​ទាំងនេះ សុទ្ធ​តែមាន​ក្នុង​មេរៀន​របស់​សិស្ស​មធ្យម​សិក្សា​។

​សំណួរ និង​ចម្លើយ​ផ្សេងទៀត ពាក់ព័ន្ធ​ចំណេះដឹង​ទូទៅ ឬក៏​ច្បាប់​នានា គួរតែ​ផលិតករ​ទូរទស្សន៍ ស្រាវជ្រាវ ស្វែងរក​ឯកសារយោង​ឲ្យ​រឹងមាំ និង​ចេញ​ដោយ​ក្រសួង​សា​ម៉ី​ត្រឹមត្រូវ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង