សេដ្ឋវិទូជប៉ុនសន្យាជួយផ្សព្វផ្សាយអំពីសមិទ្ធផល​ និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា​ ទៅកាន់ធុរកិច្ច​ជប៉ុន​

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោក SUZUKI Hiroshi ប្រធានសេដ្ឋវិទូ នៃវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចសម្រាប់​កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មផ្ទៃក្នុងជប៉ុន (JETRO) ឯកឧត្តម អ៊ុក ប្រជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួង និងកំណែទម្រង់ថ្មីៗរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

ក្នុងនោះ ឯកឧត្តមបានជម្រាបភាគីជប៉ុន អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មអន្តរ​ជាតិរបស់កម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញប្រែក្លាយវិស័យពាណិជ្ជកម្ម ឱ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងអំពីវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការ​ជួយសម្រាលបន្ទុកចំណាយវិស័យឯកជន ដូចជាការកែសម្រួលតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល, ការលុបចោលភ្នាក់ងារដឹកជញ្ជូនកាំសាប, ការមិនយកកម្រៃគ្រប់គ្រងការនាំចេញ, ការកាត់បន្ថយថ្លៃអគ្គីសនី និងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

លោក SUZUKI Hiroshi បានស្វែងយល់ស្តីពីសមិទ្ធផលរបស់ក្រសួងពាណិជ្ជកម្ម និងកំណែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលធុរកិច្ចរបស់វិស័យឯកជន។ ប្រធានសេដ្ឋវិទូរូបនេះ ក៏បានសន្យាជួយផ្សព្វផ្សាយព័ត៌មានទាំងអស់នេះ ទៅកាន់សមាគមធុរកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បី​ទាក់ទាញវិនិយោគិន និងក្រុមហ៊ុនជប៉ុន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀត នៅក្នុងប្រទេសកម្ពុជា សំដៅផ្តល់ការងារជូនប្រជាជន និងចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិ​បាល​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com