លិខិត​មិត្ត​អ្នកអាន​៖ ហេតុអ្វី​បានជា​កម្មករ​កាត់ដេរ នៅតែ​រងគ្រោះ ក្នុងពេល​ធ្វើដំណើរ​?

(​ស្វាយរៀង​)៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បានកើត​ឡើង​ទាំង​ព្រឹក​ព្រលឹម នា​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ រវាង​រថយន្ត​ដឹក​កម្មករ​កាត់ដេរ ជាមួយ​រថយន្ត​ដឹក​មាន់ បណ្តាលឱ្យ​កម្មករ​កាត់ដេរ ៣៥​នាក់ រងរបួស​។ រថយន្ត​ដឹក​កម្មករ​កាត់ដេរ​នេះ ជា​ប្រភេទ​រថយន្ត​ទេសចរណ៍ ១២​កៅអី ពោលគឺ​ជិះ​តែ ១២​នាក់​ទេ តែ​ម្ចាស់​ឡាន បាន​យកមក​ច្នៃ ដឹក​កម្មករ​កាត់ដេរ​ដល់​ទៅ ៣៥​នាក់​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង នៅ​ម៉ោង ៦ និង ៣០​នាទី ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សួន​ថ្មី សង្កាត់​ព្រៃ​ឆ្លាស់ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

​គេ​មិនទាន់​ភ្លេច​នៅឡើយ​ទេ គឺ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ឡាន​ដឹក​កម្មករ​កាត់ដេរ​មួយគ្រឿង ជា​ប្រភេទ​ឡាន​កូរ៉េ កាំ​មី​ញ៉ុ​ង បាន​ក្រឡាប់ បណ្តាល​ឲ្យ​មនុស្ស ២​នាក់​ស្លាប់ និង ៣១​នាក់​ផ្សេងទៀត រងរបួស​។ ហេតុការណ៍​នោះ បានកើត​ឡើង នៅ​ភូមិ​កំពង់​រទេះ ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​កន្លងមក ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើ​រថយន្ត​ដឹក​កម្មករ​កាត់ដេរ បានកើត​ឡើងជា​ញឹកញាប់ ច្រើន​ករណី​មកហើយ ពិសេស​នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្តស្វាយរៀង​។

​មាន​មូលហេតុ​ច្រើនយ៉ាង ដែល​ឡាន​ដឹក​កម្មករ​កាត់ដេរ តែងតែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​កម្មករ​កាត់ដេរ របួស និង​ស្លាប់​ជាច្រើន​នាក់​។ ក្នុងនោះ បើ​មិន​បុក​គ្នា ក៏​ក្រឡាប់ ធ្លាក់​ផ្លូវ​ដែរ​។​

​មូលហេតុ​ចម្បង គឺ​ឡាន​ផ្ទុក​មនុស្ស​លើស​ចំណុះ ហើយ​មិនមាន​កៅអីអង្គុយ​ត្រឹមត្រូវ​ទេ​។ ពោលគឺ​កម្មករ​ជិះ​លើ​ឡាន ត្រូវ​ឈរ​ប្រជ្រៀត​គ្នា តួយ៉ាង​ដូច​ឡាន ដែល​ក្រឡាប់ នៅ​ខេត្តស្វាយរៀង​នេះ គឺ​ជិះ​ដល់​ទៅ ៣៣​នាក់ ដោយ​ឈរ​ប្រជ្រៀត​គ្នា​ក្នុង​ទ្រុង​ឡាន​កូរ៉េ កាំ​មី​ញ៉ូ​ង អត់​ដំបូល​។ នៅពេល​ជាន់​ហ្វ្រាំង មនុស្ស​ក៏​រេ បោក​ក្រឡាប់​តែម្តង​។
​ការដាក់​មនុស្ស​ច្រើន ដោយសារតែ​តម្លៃ​ដាក់​ខែ ដោយ​កម្មករ​ម្នាក់ ត្រឹមតែ ១០​ដុល្លារ ទៅ ១៥ ដុល្លារ ក្នុង ១​ខែ​។ ដូច្នេះ​បើសិនជា​ម្ចាស់​ឡាន មិន​ដាក់​មនុស្ស​ច្រើន​ទេ នោះ​មិន​រួច​ថ្លៃ​ប្រេង​ឡើយ​។​

​មួយវិញទៀត មាន​អ្នកបើកបរ​ឡាន​ដឹក​កម្មករ​ខ្លះ មិន​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ពោលគឺ​បើក​លឿនៗ ហើយ​នៅ​ផ្លូវ​កោង មិន​ប្រយ័ត្ន ក៏​អា​ចរេ​ខុសផ្លូវ ក៏មាន​។ មុនពេល​ចេញដំណើរ អ្នកបើកបរ មិនបាន​ពិនិត្យ​ឡាន​ឲ្យ​បាន​ត្រឹមត្រូវ មិនបាន​ឈៀក​ឡាន​ឲ្យ​ទៀងទាត់ មិនចេះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយក៏​អាចមាន​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ខ្លះទៀត មិនមាន​ប័ណ្ណបើកបរ ពោលគឺ​មិនបាន​ចូលរៀន និង​ប្រឡង​យក​ប័ណ្ណបើកបរ​ឲ្យ​បាន​ត្រឹមត្រូវ ក៏មាន​។​

​យ៉ាងណា​ក៏ដោយចុះ ដើម្បី​ធានាបាន​នូវ​សុ​វត្តិភាព ក្នុងពេល​ដឹកជញ្ជូន​កម្មករនិយោជិត មន្ត្រី​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ ក៏ដូចជា​អ្នកទទួលខុសត្រូវ​ក្នុង​រោងចក្រ​នីមួយៗ គួរតែ​ចូលរួម​ចាប់បង្ខំ​ឲ្យ​ម្ចាស់​រថយន្ត និង​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ទាំងអស់ ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន មិន​ផ្ទុក​កម្មករ​លើស​ចំណុះ ត្រួតពិនិត្យ​យានយន្ត​មុនពេល​ចេញទៅ​ដឹក​កម្មករ ឈៀករថយន្ត​ជាប្រចាំ ទៅ​ប្រឡង​យក​បណ្ណ​បើកបរ​ឱ្យ​ស្របតាម​ប្រភេទ​យាន ចូលរួម​វគ្គ​បណ្តុះបណ្តាល​របស់​ក្រុមការងារ ប​.​ស​.​ស ស្តីពី ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​អ្នកបើកបរ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ទាំង ១០​ចំណុច​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​បើ​មានលទ្ធភាព មន្ត្រី​ជំនាញ​ខាង​ការងារ និង​ថៅកែ​ក្រុមហ៊ុន​រោងចក្រ គួរតែរៀបចំ​ឡាន សម្រាប់​ដឹកជញ្ជូន​កម្មករ ពី​រោងចក្រ ទៅផ្ទះ ដោយ​ត្រូវមាន​តៃកុង ជា​អ្នក​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ពី​ការបើកបរ​ត្រឹមត្រូវ និង​ប្រឡង​ជាប់ បាន​បណ្ណ​បើកបរ ដោយ​សមត្ថភាព ហើយ​ពិសេស​មិន​ដាក់​មនុស្ស​ច្រើន លើស​ចំណុះ​។ បើសិនជា​កម្មករ​ជិះឡាន​ឈ្នួល ដាក់​ខែ ក៏​ត្រូវតែ​ច្បាស់លាស់​ថា តៃកុង​ឡាន ចេះ​បើកបរ និង​មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ ពិតប្រាកដ​។​

​ថៅកែ​ក្រុមហ៊ុន​រោងចក្រ ក៏​គួរតែ​តម្រូវ​ជា​ចាំបាច់ ឲ្យ​អ្នកបើកបរ ម្ចាស់​ឡាន​ដឹក​កម្មករ ត្រូវតែ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​បើកបរ ទាំង​ទ្រឹស្តី ទាំង​ដៃចង្កូត​ត្រឹមត្រូវ និង​ត្រូវមាន​បណ្ណ​បើកបរ ហើយ​ប្រកបដោយ​សីលធម៌​ក្នុងការ​បើកបរ​ដឹក​ក​ម្មករ​ផងដែរ​។ មូលហេតុ ព្រោះថា បើ​កម្មករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ខាតបង់ មិន​ត្រឹមតែ​កម្មករ​ផ្ទាល់​ខ្លួនឯង​ទេ តែ​ខាង ប​.​ស​.​ស ក៏ត្រូវ​បង់ប្រាក់​ថ្លៃ​ព្យាបាល​ជំងឺ និង​ផ្តល់​សំណង​ដល់​ក្រុមគ្រួសារ​សព​កម្មករ​ថែម​ទៀតផង​។ រីឯ​រោងចក្រ​កាត់ដេរ ក៏​មិនអាច​ដំណើរការបាន ដោយសារតែ​កម្មករ​ជួប​គ្រោះថ្នាក់​។ បញ្ហា​នេះ យើង​អាច​ការពារ​បាន ដើម្បី​កុំ​ឲ្យ​រឿង​ដដែលៗ បន្ត​កើត​ឡើងលើ​កម្មករ​កាត់​ដេរ​របស់​យើង​តទៅទៀត​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com