ត្រឹមពាក់កណ្តាលឆ្នាំនេះ កម្ពុជាប្រមូលពន្ធពីទំនិញនាំចូលបានជាង ១.៤ពាន់លានដុល្លារ
(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០១៩ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលសរុបមានជាង៥.៩ ទ្រីលានរៀល (ប្រមាណ ១.៤៧៥ លានដុល្លារអាមេរិក) កើនឡើង ២៥.៥ភាគរយ (ប្រមាណ ៣០០លានដុល្លារអាមេរិក) ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
បើតាមរបាយការណ៍របស់គយ និងរដ្ឋាករ លទ្ធផលចំណូលដែលទទួលបានក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០១៩នេះ ត្រូវប្រមាណជា៦៥ភាគរយ នៃផែនការឆ្នាំ ដែលកំណត់ ដោយច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៩។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗ ដែលប្រមូលដោយគយ មានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល) មានកំណើនជាង៣៣.៨ភាគរយ អាករពិសេសកើន៣១.១ភាគរយ និងអាករលើតម្លៃបន្ថែម (VAT) កើន២៨.៦ភាគរយ។
គួរជម្រាបថា សម្រាប់មុខទំនិញជាប្រភពចំណូលសំខាន់ៗមកកាន់កម្ពុជា រួមមាន៖ ១. យានយន្ត និងគ្រឿងចក្រគ្របដណ្តប់ប្រមាណជាង ៥២ភាគរយ នៃចំណូលសរុប។ ២. ប្រេងឥន្ធនៈ និងថាមពលប្រមាណ ១៧.១ភាគរយ នៃចំណូលសរុប និង ៣. ទំនិញចម្រុះ និងគ្រឿងសំណង់មានប្រមាណ ២៩.៥ភាគរយ នៃចំណូលសរុប៕

