កម្ពុជា-ចិន ​ចរចាគ្នានាំយកផលិតផលដំណាំ​មួយចំនួន​ទៀត ​ចូលទៅ​កាន់​ទីផ្សារ​ចិន​

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជា និងចិន បាននិងកំពុងពិភាក្សាគ្នា ដើម្បីនាំយកផលិតផលដំណាំមួយចំនួនទៀត ចូលទៅកាន់ទីផ្សាររបស់ចិន។

ក្នុងជំនួបរវាងឯកឧត្តម វេង សាខុន និងលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថាន​ទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករ​កម្ពុជាទៅកាន់ទីផ្សារចិនដល់ទៅ ៤០ម៉ឺនតោន ហើយថ្មីៗបានអនុញ្ញាតឲ្យកម្ពុជានាំចេញ​ចេក​អំបូងលឿងឆ្ពោះដោយត្រង់ទៅកាន់ទីផ្សារចិនផងដែរ។

ក្នុងនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើឲ្យភាគីចិន សហការជាមួយក្រសួង និងគ្រប់ភាគីពាក់ព័ន្ធពិនិត្យ និងជំរុញចំពោះការនាំចេញផលិតផលពោតពីកម្ពុជា។

ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន បានសារទរចំពោះការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារ​ចិន ហើយបានបញ្ជាក់ថា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន។ ក្រៅពីនេះ ការសិក្សាអំពីនីតិវិធីច្បាប់ និងបច្ចេកទេសដើម្បីធ្វើការនាំចេញផ្លែស្វាយ និងមៀនទៅកាន់ទីផ្សារចិន គឺភាគីទាំងពីរបាននិងកំពុងចរចារយ៉ាងសកម្ម ហើយសង្ឃឹមថានឹងអាចចាប់ផ្តើមធ្វើការនាំចេញកសិផលទាំងនោះក្នុងពេលឆាប់ៗខាងមុខនេះ។

លោកបន្តថា ចំពោះផ្លែស្រកានាគ ម្រេច និងទឹកមាត់ត្រចៀកកាំគឺកំពុងរៀបចំឯកសារបច្ចេកទេស និងត្រៀមធ្វើការចរចារផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង