រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ​ចង់ឃើញកសិករប្រែក្លាយ​ទៅជា​ពាណិជ្ជករ​ជោគជ័យ​

(សៀមរាប)៖ «បងប្អូនត្រូវចងចាំថា គ្មានរបស់ណាមួយធ្លាក់ពីលើមេឃដោយឯកឯងឡើយ អ្វីៗទាំងអស់​សុទ្ធតែកើតចេញពីការប្រឹងប្រែងរបស់ខ្លួនយើង! ដូច្នេះត្រូវខំប្រឹងជួយខ្លួនឯងជាមុនសិន ទើប​ទេវតាជួយយើងតាមក្រោយ»។ នេះជាប្រសាសន៍លើកទឹកចិត្ត របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ដល់ប្រជាកសិករចិញ្ចឹមមាន់ស្រែ នៅក្នុងឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀម​រាប​។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មប្រឹងប្រែងក្នុងការសម្របសម្រួល និងស្វែងរកទីផ្សារថ្មីៗ​ជូនប្រជាសហគមន៍ និងវិស័យឯកជន តាមរយៈការចងក្រងសមាគម ការដឹកនាំអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃផលិតផលក្នុងស្រុក និងការតភ្ជាប់ផលិតកម្មជាមួយទីផ្សារដែលមានស្រាប់ ដើម្បីកាត់បន្ថយការនាំចូលទំនិញបរទេស សំដៅលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាធានាការអភិវឌ្ឍវិស័យកសិ-ពាណិ​ជ្ជកម្ម ប្រកបដោយនិរន្តរភាព។

«ក្រសួងពាណិជ្ជកម្ម មានតួនាទីសម្របសម្រួលរវាងបងប្អូន ជាមួយវិស័យឯកជន! ការចិញ្ចឹមមាន់ស្រែនេះ ត្រូវការពេលវេលា និងថវិកាច្រើនគួរសម ដូច្នះត្រូវខិតខំប្រែងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីកុំឱ្យរកស៊ីខាត! នៅថ្ងៃខាងមុខ យើងខ្ញុំ (ក្រសួងពាណិជ្ជកម្ម) ចង់ឃើញបងប្អូនទាំងអស់ ប្រែក្លាយពីកសិ​ករឆ្នើមទៅជាពាណិជ្ជករជោគជ័យ ដោយមិនគ្រាន់តែអាចផ្គត់ផ្គង់មាន់ទៅកាន់ទីផ្សារក្នុងស្រុកប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងអាចនាំចេញទៅបរទេសថែមទៀត! ហើយនោះ ជាគោលបំណងធំនៃគម្រោង​អែម (AIMS) របស់យើង»។ នេះបើតាមការលើកឡើងបន្ថែមរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ។

សូមជម្រាបថា បច្ចុប្បន្នគម្រោងចិញ្ចឹមមាន់ស្រែសាកល្បង ទទួលបានការចូលរួមពីប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ នៅក្នុងឃុំដានរុន និងឃុំគៀនសង្កែ នៃស្រុកសូត្រនិគម និងឃុំដូនកែវ នៃស្រុកពួក។ សម្រាប់​ឃុំដារុន​ ដែល​ឯកឧត្តមរដ្ឋមន្ត្រី ​បានចុះមកពិនិត្យថ្ងៃនេះ មានប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ បានចូលរួមនៅក្នុងគម្រោងនេះ ហើយបានកំពុងចិញ្ចឹមកូនមាន់ស្រែ (ភ្ញាស់ដោយទូរខ្លួនឯង) ចំនួនជាង ២ម៉ឺនក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារ និងចែកចាយទៅដល់កសិដ្ឋានផ្សេងទៀត ក្នុងខេត្តសៀមរាបទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com