នគរបាលជាតិជំរុញឲ្យភាគីពាក់ព័ន្ធរួមគ្នា​ប្រឆាំង​​បទល្មើស​គ្រឿងញៀន​ តាមបណ្តោយព្រំដែន​កម្ពុជា-វៀតណាម​

(ភ្នំពេញ)៖ ឯកឧត្តម នេត សាវឿន អគ្គស្នង​ការនគរបាលជាតិ នៅថ្ងៃទី២២ ខែកក្កដានេះ​បានបើក​កិច្ច​ប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្តោយ​ព្រំដែនកម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនគរបាលជំនាញពាក់ព័ន្ធ គណៈអភិបាល​ខេត្ត​តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម និងអង្គភាពពាក់ព័ន្ធប្រមាណ​១៦៦​រូប។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីផ្សព្វផ្សាយបន្ថែមទៅដល់ស្ថាប័ន និងអង្គភាពភាគីពាក់ព័ន្ធទាំងអស់​ឲ្យបាន​យល់ដឹងកាន់តែច្បាស់នូវរាល់ចំនុចដែលត្រូវអនុវត្តនៃផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និង​បង្រ្កាប​បទ​ល្មើស​​គ្រឿងញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម អោយទទួលបានប្រសិទ្ធ​ភាព​ខ្ពស់ដែលបាន​ដាក់​ចេញដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាប​បទ​​ល្មើស​គ្រឿង​ញៀន​ នៅ​តាម​បណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្រោមការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅថ្មីនេះ។ ការដាក់ចេញនូវផែនការនេះគឺដើម្បីដោះស្រាយ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ជាពិសេស សកម្មភាពនៃការដឹកជញ្ជូ​ន​គ្រឿងញៀនទៅវិញទៅមកឆ្លងកាត់ព្រំដែនទាំងពីរ។

ជាងនេះទៅទៀត ដើម្បីលើកកម្ពស់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់ព្រំដែនឲ្យកាន់តែល្អប្រសើរឡើង ដោយរួមសហការជាមួយភាគីវៀតណាមបញ្ចៀសឲ្យបាននូវឥទ្ធិពលអវិជ្ជមាននានា​​បណ្ដាលមក​ពី​គ្រឿង​ញៀន​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com