ផ្លូវជាតិលេខ៥៥ ​ជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់​សម្រាប់កម្ពុជា ​តៀមដាក់ដំណើរ​ការ​ហើយ​

(ភ្នំពេញ)៖ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំគណៈ ប្រតិភូក្រសួង អមដោយតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពកំណាត់ផ្លូវជាតិ លេខ៥៥ ដែលសាងសង់ដោយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោម​​ការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋ ប្រជាមានិតចិន។

ការចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥៥នេះ មានគោលបំណងពិនិត្យមើលចំណុចខ្វះខាតតិចតូចដែល​​នៅសេសសល់ដូចជាការដាក់ភ្លើងសញ្ញាប្រុងប្រយ័ត្នជំនួសផ្លាកសញ្ញានៅត្រង់ចំណុចកែងខ្លាំង ដើម្បី​ឱ្យប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវនេះងាយមើល និងមានការប្រុងប្រយ័ត្នខ្ពស់ ការធ្វើជញ្ជាំងលើជម្រាលភ្នំការពារធ្លាក់ដី និងដុំថ្ម ការប្រមូលគ្រួសអណ្ដែតនៅលើថ្នល់ សំដៅជៀសឱ្យផុតពីគ្រោះថ្នាក់នានាដោយយថាហេតុ ព្រោះថាផ្លូវនេះសណ្ដូកលើដងភ្នំមានការបត់បែនខ្លាំង ក៏ដូចជាការពិនិត្យលើបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងនឹងការសាងសង់ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាង សង់ធ្វើការកែសម្រួលបំពេញបន្ថែមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវសំដៅធ្វើឱ្យផ្លូវនេះមានគុណភាព រឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង មុនពេលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការដាក់ដំណើរ ការជាផ្លូវការ។

ផ្លូវប្រវែងជាក់ស្តែងសរុបចំនួន ១៨០គម និងទទឹង៩ម៉ែត្រ ស្ពានចំនួន៤៥ នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវDBST គិតចាប់ពីផ្លូវប្រសព្វផ្លូវ ជាតិលេខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។

គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេតេជោ ហ៊ុន សែន ហើយរហូតមកដល់ពេលនេះក្រុមហ៊ុនបានបញ្ចប់ការសាងសង់ ១០០ភាគរយ ហើយ ដោយប្រើប្រាស់រយៈពេលសាង សង់អស់ចំនួន៤២ខែ។

ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។ ជាពិសេសជាងនេះទៀត ផ្លូវនេះជួយធ្វើឱ្យប្រសើរ ឡើងដល់ការតភ្ជាប់រវាងកម្ពុជានិងបណ្តាប្រទេសជិតខាង ជួយដល់ការសម្របសម្រួលការធ្វើពាណិជ្ជ​កម្ម ឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ។

ក្រសួងសាធារណការបានគូសបញ្ជាក់ថា មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរណ៍ វិនិយោ​គិន និងការដឹកជញ្ជូនកើនឡើង ដែលជាកត្តា ជំរុញដល់ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និង​ការរីកចម្រើនសេដ្ឋកិច្ចជាតិកាត់បន្ថយភាព ក្រីក្រស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com