កម្ពុជាបង្កើនការនាំចេញផលិតផល​ទៅកាន់ទីផ្សារឥណ្ឌូនេស៊ី​ ខណៈទំហំពាណិជ្ជកម្ម​ប្រទេសទាំងពីរ​បន្តកើនឡើង​ជា​លំដាប់​

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជាមានបំណងនាំអង្ករក្រអូប «ផ្កាម្លិះអង្គរ»​ ដែលទទួលបានចំណាត់លេខ១ កាលពីឆ្នាំ២០១៨ ទៅកាន់ប្រទេស​ឥណ្ឌូនេ​ស៊ី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហការលើឧស្សាហកម្មផលិតសម្ភារ និងគ្រឿងបង្គុំទោចក្រយាននៅក្នុងប្រទេស ព្រមទាំងអភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រសម្រាប់ការផលិតទោចក្រយាន ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុកសម្រាប់ផលិតផលនេះ និងនាំចេញផលិតផលសម្រេច ១០០% ទៅកាន់​​ទីផ្សារអន្តរជាតិ។

ឯកឧត្តមបានឲ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៥៥៨.៦២លានដុល្លារ (កម្ពុជានាំចូល ៥២៥,៦លានដុល្លារ និងនាំចេញ ៣៣លានដុល្លារ) និង​កិច្ចសហប្រតិបត្តិ​ការលើវិស័យសេដ្ឋកិច្ច (ការមិនយកពន្ធត្រួតគ្នា និងទប់ស្កាត់អំពើបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល) ក៏ដូចជាវិស័យទេសចរណ៍ (ការបើកជើងហោះហើរត្រង់ពីទីក្រុងហ្សាកាតា-ភ្នំពេញ) ដែល​​ប្រទេសទាំងពីរបានចុះអនុស្សរណៈនាពេលថ្មីៗនេះ។

សូមជម្រាបថា គិតត្រឹមខែមេសា ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ សម្រេច​បាន​​​ទឹកប្រាក់ ១៩៦.២៦លានដុល្លារ គឺបានកើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ក្នុង​នោះ ការនាំចេញរបស់កម្ពុជាទៅឥណ្ឌូនេស៊ី បានកើនឡើង ៧.៧៥% និងនាំចូលកើនឡើង ៥៤.១៨%​។ ​ដោយ​ឡែក​សម្រាប់​ឧស្សាហកម្មទោចក្រយាន កម្ពុជាបាននាំចូលបំណែក និងគ្រឿងបន្លាស់ ​(លីប,​​ តួ, ដៃ, ចង្កៀង, អំព្រីយ៉ា…)​ ពីឥណ្ឌូនេស៊ីចំនួន ៧,១៩លានដុល្លារ នៅក្នុងឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com