កាណាដាគ្រោងទិញសម្លៀកបំពាក់ពីកម្ពុជា​ ក្នុងតម្លៃជិត ​១០០លានដុល្លារ​ ខ្ពស់ជាង​ការបញ្ជា​ទិញ​ពីចិន​

(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន Reitman’s Global Sourcing on Garment នៃប្រទេស​កាណាដា​ ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា​ មានគម្រោងបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុង​ត​ម្លៃ​ជាង​ ៩១​លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៩ និង២០២០ ដែលទឹកប្រាក់នេះ ខ្ពស់ជាងការបញ្ជាទិញពីប្រទេសចិនទៀត។

ការលើកឡើងរបស់ក្រុមហ៊ុនយក្សកាណាដានេះ ធ្វើឡើងក្នុងជំនួបជាមួយ ឯកឧត្តម ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ។ ឯកឧត្តមរ ឱក ប៊ុង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដំណើការចរ ចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលគាំទ្រដោយប្រទេសទាំងពីរ។

ឯកឧត្តមរក៏បានជម្រាបភាគីកាណាដា អំពីវឌ្ឍនភាពសេដ្ឋកិច្ច និងកំណើននាំចេញរបស់កម្ពុជាក្នុង រយៈពេលពីរទសវត្សរ៍ចុងក្រោយ ដែលបានកើនចាប់ពីទឹកប្រាក់ ១ប៊ីលានដុល្លារអាមេរិក (២០០១) ដល់ ​១៣​ប៊ីលាន​ដុល្លារ​អាមេរិក (២០១៨) ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំទ្រគម្រោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា (BFC) របស់អង្គការពលកម្មអន្តរជាតិ (ILO) ​ដើម្បី​លើកស្ទួយ​លក្ខខណ្ឌ​ការងារនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់។

សូមជម្រាបថា Reitman គឺជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ដ៏ធំរបស់កាណាដា ដែលបានធ្វើប្រតិ​បត្តិការពាណិជ្ជកម្ម​ ជាមួយឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់កម្ពុជា ចាប់តាំងពីឆ្នាំ២០០២-២០០៣ ​ហើយ​កាលពីឆ្នាំ២០១៦ ​ក្រុមហ៊ុនមួយនេះ បានបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីរោងចក្រចំនួន ១៤ នៅកម្ពុជា ក្នុងតម្លៃជាទឹកប្រាក់ ៦៦លានដុល្លារអាមេរិក​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com