ក្រសួងពាណិជ្ជកម្មអំពាវនាវជាថ្មីដល់អ្នកនាំចេញទាំងអស់ធ្វើការចុះបញ្ជី ​ដើម្បីចៀសវាងការបាត់បង់​ផលប្រយោជន៍​ពីការ​អនុគ្រោះពន្ធ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម អំពាវនាវជាថ្មីដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ មកចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ ដើម្បីចៀសវាងការបាត់បង់ផលប្រយោជន៍ពីការអនុគ្រោះពន្ធទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះទៅកាន់ប្រទេសមួយចំនួនទៀត។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម គឺបានជូនដំណឹងឲ្យអ្នកនាំចេញទាំងអស់ដែលមានបំណងនាំចេញទំនិញគ្រប់ប្រភេទពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ស្ថិតក្រោមគម្រោងប្រព័ន្ធអនុគ្រោះពន្ធទូទៅរួមទាំង *ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ (EBA) ប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) របស់ប្រទេសណ័រវេស, ប្រទេសស្វីស និងប្រទេសទួរគី មកសុំចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System – REX) របស់សហភាពអឺរ៉ុប នៅនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភព​ដើម (Statement on Origin) ជំនួសឱ្យការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ​ទម្រង់​​អេ ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៩ តទៅ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះគឺមានអ្នកនាំចេញមួយចំនួន បានមកចុះឈ្មោះតាមសេចក្តីជូនដំណឹងខាងលើ។ ដើម្បីចៀសវាងការបាត់បង់ផល់ប្រយោជន៍ពីការអនុគ្រោះពន្ធសម្រាប់ការនាំចេញទំនិញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះរបស់ប្រទេសណ័រវេស, ប្រទេសស្វីស និងប្រទេសទួរគី ក្រសួងពាណិជ្ជកម្មសូមអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញទាំងឡាយណាដែលមិនទាន់បានចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System – REX) សូមរួសរាន់មកចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់ប្រកាសប្រភពដើម (Saterment onorigin) ជំនួសឲ្យការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ អេ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង