ប​.​ស​.​ស​.​ និង​ក្រសួង​ ស្ថាប័ន​ អង្គភាព​ សមត្ថកិច្ច​ពាក់ព័ន្ធ​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ ជា​ដៃគូ​សហការ​ នឹង​បង្កើន​នូវ​កិច្ចសហការ​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​

(​ភ្នំពេញ​)៖​ ឯកឧត្តម​ អ៊ុ​ក​ សមវិទ្យា​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជានា​យក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត​ (​ស​.​ផ​.​ក​)​ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ និង​កែសម្រួល​លើ​សេចក្តី​ព្រាង​លទ្ធផល​ការងារ​សម្រេច​បាន​ប្រចាំឆមាស​ទី​១​ ឆ្នាំ​២០១៩​ និង​ទិស​ដៅ​ការងារ​អនុវត្ត​បន្ត​ របស់​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត​ នៃ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ នៅ​សាល​ប្រជុំ​នៃ​ទីស្នាក់ការ​កណ្តាល​ ប​.​ស​.​ស​.​ នា​ព្រឹក​មិ​ញ​នេះ​ បានឱ្យ​ថ្លែង​ថា​៖

​ថ្វី​ត្បិត​តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​បន្ត​កើត​មាន​ឡើង​ ដែល​ជា​កង្វល់​របស់​រាជរដ្ឋាភិបាល​ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ និង​ទិស​ដៅ​អនុវត្ត​បន្ត​ក៏​ដោយ​ តែ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ នឹង​អាច​ជួយ​ឱ្យ​ប្រសើរ​ឡើង​ នូវ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករនិយោជិត​ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​សង្គម​ និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ របស់​បងប្អូន​កម្មករនិយោជិត​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ តាម​រយៈ​សហការ​រវាង​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត​ (​ស​.​ផ​.​ក​)​ ជាមួយនឹង​ក្រសួង​ ស្ថាប័ន​ អង្គភាព​ សមត្ថកិច្ច​ពាក់ព័ន្ធ​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​កម្មករនិយោជិត​។​

​គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)​ បាន​ធ្វើការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​កម្មករនិយោជិត​បាន​ចំនួន​ ១៣២​លើក​ នឹង​មាន​អ្នកចូលរួម​ចំនួន​ ៧​ ៨០០​នាក់​ នឹង​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករនិយោជិត​បាន​ចំនួន​ ១៥០​លើក​ នឹង​មាន​អ្នកចូលរួម​សរុប​ចំនួន​ ៨​ ៤៣៨​នាក់​ ។​

​បើ​ទោះជា​យ៉ាងនេះ​ក្ដី​ នៅ​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០១៩​ កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៧៦៦​លើក​ គ្រោះថ្នាក់​ដោយសា​រថយន្ត​ចំនួន​ ២០​លើក​ (​ក្នុង​នោះ​មាន​ ៧​លើក​ រថយន្ត​ដឹក​កម្មករនិយោជិត​ ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​)​ ម៉ូតូ​ចំនួន​ ៧០៥​លើក​ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ចំនួន​ ៦​លើក​ កង់​ចំនួន​ ៦​លើក​ និង​ថ្មើរជើង​ចំនួន​ ២៩​លើក​ ដែល​មាន​ជន​រង​គ្រោះ​សរុប​ចំនួន​ ៩៤៤​នាក់​ ក្នុង​នោះ​គ្រោះថ្នាក់​រហូត​ដល់​ស្លាប់មាន​ចំនួន​ ២៤​នាក់​ អ្នក​របួសធ្ងន់​ចំនួន​ ១៥៩​នាក់​ និង​អ្នក​របួសស្រាល​មាន​ចំនួន​ ៧៦១​នាក់​ ។​

​ក្នុង​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទាំង​ ៧៦៦​លើក​ មាន​បងប្អូន​កម្មករនិយោជិត​ ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​ ចំនួន​ ៣៥៤​លើក​ ដែល​មាន​ជន​រង​គ្រោះ​សរុប​ចំនួន​ ៥០១​នាក់​ (​ស្លាប់​ ៧​នាក់​ របួសធ្ងន់​ ៥៣​នាក់​ និង​របួសស្រាល​ ៤៤១​នាក់​)​ វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ ១០៨​លើក​ មាន​ជន​រង​គ្រោះ​សរុប​ចំនួន​ ១១៧​នាក់​ (​ស្លាប់​ ១​នាក់​ របួសធ្ងន់​ ២០​នាក់​ និង​របួសស្រាល​ ៩៦​នាក់​)​ និង​វិស័យ​ផ្សេងៗ​ ៣០៤​លើក​ មាន​ជន​រង​គ្រោះ​សរុប​ចំនួន​ ៣២៦​នាក់​ (​ស្លាប់​ ១៦​នាក់​ របួសធ្ងន់​ ៨៦​នាក់​ និង​របួសស្រាល​ ២២៤​នាក់​)​ ។​

​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ បាន​ថ្លែង​បន្ត​ទៀត​ថា​៖​ ក្នុង​ការ​ចូលរួម​អនុវត្ត​ផែនការ​សកម្មភាព​ “​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ចំពោះ​កម្មករនិយោជិត​”​ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ និង​ក្រសួង​ ស្ថាប័ន​ អង្គភាព​ សមត្ថកិច្ច​ពាក់ព័ន្ធ​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ ដែល​ជា​ដៃគូ​សហការ​ ត្រូវ​បង្កើន​នូវ​កិច្ចសហការ​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​គ្រប់​រូបភាព​ ក្នុង​ន័យ​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ដែល​អាច​ធ្លាក់​មក​លើ​កម្មករនិយោជិត​ ឱ្យ​ស្ថិត​នៅ​កម្រិត​ទាប​បំផុត​ ។​

​សូម​បញ្ជាក់​ថា​៖​ កិច្ចប្រជុំ​ខាងលើ​នេះ​ ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ២​រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ ដោយ​មាន​វត្តមាន​ចូលរួម​ពី​ ឯកឧត្តម​ លោក​ លោកស្រី​ ដែល​ជា​អនុប្រធាន​ និង​សមាជិក​ នៃ​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត​ (​ស​.​ផ​.​ក​)​ នៃ​ ប​.​ស​.​ស​.​ ៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង