ការពារជាតិឡើងទៅវគ្គ៨ក្រុមចុងក្រោយពានសម្តេចតេជោ ក្រោយឈ្នះអាស៊ីអឺរ៉ុប

(កម្ពុជា)៖ អ្នកការពារតំណែងជើងឯក ក្រសួងការពារជាតិបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ (Hun Sen Cup) ក្រោយឈ្នះអាស៊ីអឺរ៉ុប ៣ទល់នឹង២ជើងទី២ម្សិលមិញ។

ដោយឈ្នះជើងទី១ ៣ទល់នឹង១ ក្រសួងការពារជាតិនាំមុខមុន ក្រោយលេងបាន៣៤នាទីដោយគ្រាប់បាល់កីឡាករ រុឹង ប៊ុនហៀង។ ប៉ុន្តែត្រូវអាស៊ីអឺរ៉ុបតាមស្មើនឹងនាំមុខ នៅនាទីទី៦១ ដោយកីឡាករ សុខ ចន្ទ័រស្មី និងពិន សារ៉ែននាទីទី៩០+៣។

តែពិតជាអស្ចារ្យសម្រាប់ម្ចាស់ផ្ទះការពារជាតិ ក្នុងម៉ោងបន្ថែមបង្គ្រប់ ៩០+៥ និង ៩០+៧ កីឡាករ រុឹង ប៊ុនហៀង ស៊ុតពីរគ្រាប់ផ្ទួនឱ្យក្រុមរបស់គេឈ្នះ ៣ទល់នឹង២។

មកដល់ពេលនេះមាន៦ក្លិបហើយដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោមរួមមាន ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ បឹងកេត សូលទីឡូអង្គរ ការពារជាតិ ហើយថ្ងៃនេះនឹងរកឃើញពីរក្រុមទៀត រវាងណាហ្កាវើល និងគីរីវង់សុខសែនជ័យ និងរវាង វិសាខា និងនគរបាលជាតិ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង