តើនរណាខ្លះទៀតអាចនឹងត្រូវជាប់គុកជាមួយឧកញ៉ា ស៊ឹង សំអុល ពាក់ព័ន្ធឧក្រិដ្ឋកម្មព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី?

(មណ្ឌលគិរី)៖ បន្ទាប់ពីលោកឧកញ៉ា ស៊ឹង សំអុល ដែលគេស្គាល់ថា ជាឈ្មួញរកស៊ីឈើខុសច្បាប់ប្រចាំខេត្តមណ្ឌលគិរី និងកូនចៅ៣នាក់ ត្រូវតុលាការខេត្តនេះសម្រេចឃុំខ្លួនក្នុងគុកជាបណ្តោះអាសន្ន គេសង្កេតឃើញមានមនុស្សពាក់ព័ន្ធក្នុងសំណុំរឿងឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើមួយនេះ ខ្លះកំពុងរត់គេចខ្លួន និងខ្លះទៀតកំពុងប្រឈមនឹងការចាប់ខ្លួន។

ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបញ្ជាឲ្យមន្ត្រីរដ្ឋបាលព្រៃឈើចំនួន៣នាក់ចូលបង្ហាញខ្លួននៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឲ្យបានមុនថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។

ដីកាបញ្ជាឲ្យចូលខ្លួន បានកោះហៅទី១ លោក លឿង ភិរុណ ជានាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលឹក,ទី២ លោក ហ៊ុន វណ្ណេ ជានាយសង្កាត់រដ្ឋបាលព្រឈើរយ៉ និងទី៣ លោក គង់ វិរៈ ជានាយផ្នែករដ្ឋបាលព្រៃឈើកោះញែក។

លោកព្រះរាជអាជ្ញា ហៀង សុភក្ត្រ បានចេញដីកាបញ្ជាឲ្យក្រុមមន្ត្រីទាំង៣នាក់ខាងលើចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធបទល្មើស ផ្តល់ការអុនញ្ញាតផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់, អនុគ្រោះចំពោះបទល្មើសព្រៃឈើ, មិនរាយការណ៍ ឬមិនបានដាក់ពាក្យប្តឹងចំពោះបទល្មើសព្រៃឈើថ្នាក់លេខ១ ដែលបានកើតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនទាន់ពេលវេលា, ធ្វេសប្រហែសដោយចេតនាក្នុងការបំពេញកាតព្វកិច្ច ឬផ្តល់ព័ត៌មានក្លែងបន្លំជាលាយលក្ខណ៍អក្សរ ដែលជាមូលហេតុបង្កឲ្យកើតមានបទល្មើសព្រៃឈើថ្នាក់លេខ១។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ម វ៉ាន់ដា តំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី ក៏បានចេញដីកាបញ្ជាឲ្យថៅកែជនជាតិចិន ឈ្មោះ សុង វិនចាង (Song Wen Zhang) ជាអគ្គនាយក ក្រុមហ៊ុន ថាច់ វូដ ខេមបូឌា និងឈ្មោះ ចាង វិនតាវ (Wentao Zhang ) ជានាយក ក្រុមហ៊ុន យ៉ានចាវ ខេមបូឌា បង្ហាញខ្លួននៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឲ្យបានមុនថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើសលាក់បាំងវត្ថុតាង ប្រមូល ដឹកជញ្ជូន និងសន្ធិធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងប្រើប្រាស់គ្រឿងចក្រមិនមានបិតសញ្ញាសម្គាល់រដ្ឋបាលព្រៃឈើ។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក៏បានកោះហៅ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើចំនួន៥នាក់ឲ្យចូលបំភ្លឺផងដែរ ដែលនៅក្នុងរួមមាន៖ ទី១ លោក សុង ឃាង ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី, ទី២ លោក កែវ សុភគ៌ ជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី, ទី៣ លោក អ៊ុំ វណ្ណសុភៈ ជានាយខណ្ឌរដ្ឋបាលព្រៃឈើ, ទី៤ លោក ប៉ែន ភត្រា ជានាយកដែនជម្រកសត្វព្រៃស្រែពក និងទី៥ លោក ហាន សាខន ជានាយកដែនជម្រកសត្វព្រៃភ្នំព្រេច។ ក្រោយពីសាកសួរអស់រយៈពេលពេញមួយថ្ងៃ ក្រុមមន្ត្រីទាំង៥នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញសិន។

គួររម្លឹកថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខេត្តមណ្ឌលគិរី បានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាប និងឃាត់ខ្លួន ឧកញ៉ា សឹង សំអុល និងបក្ខពួក៣នាក់ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធឧក្រិដ្ឋកម្មព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី៕ (ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង