វិភាគៈ កូរ៉េខាងជើងនឹងសាកល្បងមីស៊ីលឡើងវិញ បើអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធា

អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងជើង បានគម្រាមកាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដានេះថា ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធយោធាឡើងវិញ កូរ៉េខាងជើងក៏នឹងចាប់ផ្តើមបាញ់សាកល្បងមីស៊ីលឡើងវិញដែរ ។

មូលហេតុដែលនាំអោយកូរ៉េខាងជើងគម្រាមបាញ់សាកល្បងមីស៊ីលឡើងវិញនេះ គឺដោយសារកូរ៉េខាងជើងបានទទួលដំណឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក អាចនឹងបើកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរូមគ្នានៅខែសីហាខាងមុខនេះទៅទម្លាប់ប្រទេសទាំងពីរ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានលើកយកសម្តីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ដែលបានលើកឡើងថា ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នានៅខែសីហាមែន គឺអាមេរិកក្បត់ពាក្យសន្យាហើយ ។

អ្នកនាំពាក្យរូបនោះបានបន្តថា បើអាមេរិកមិនគោរពពាក្យសន្យាហើយ កូរ៉េខាងជើងក៏គ្មានតម្លៃអ្វីនឹងនៅគោរពកិច្ចព្រមព្រៀងតែម្នាក់ឯងបានដែរ ហើយកូរ៉េខាងជើងនឹងបាញ់សាកល្បងមីស៊ីលរបស់ខ្លួនក្នុងពេលដំណាលគ្នានឹងការធ្វើសមយុទ្ធយោធារបស់ប្រទេសទាំងពីរ ។

សមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង មានការពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលកូរ៉េខាងជើងនៅត្រង់ថា លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅប្រទេសសិង្ហបុរី ។

កិច្ចព្រមព្រៀងនោះបានចែងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងឈប់ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នានៅលើទឹកដីកូរ៉េខាងត្បូង ហើយកូរ៉េខាងជើងក៏ឈប់បាញ់សាកល្បងមីស៊ីលដែរ ដែលសកម្មភាពយោធាទាំងពីរនេះ ធ្វើអោយមានភាពតានតឹងនៅឧបទ្វីបកូរ៉េ ។

ចាប់តាំងពីជំនួបលើកដំបូងរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ភាគីទាំងពីរមិនបានប្រព្រឹត្តល្មើសនឹងកិច្ចព្រមព្រៀងនោះទេ គឺអាមេរិកក៏មិនធ្វើសមយុទ្ធយោធា ហើយកូរ៉េខាងជើងមិនបាញ់សាកល្បងមីស៊ីល ។

ចំពោះកិច្ចចរចារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង មិនទាន់បានចាប់ផ្តើមឡើងវិញនោះទេ ក្រោយពីជំនួបចរចាលើកទីពីរ រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅវៀតណាម ត្រូវទទួលបរាជ័យ ។

សូមរំលឹកជូនថា កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានជួបគ្នាម្តងទៀតជាលើកទី៣ នៅតំបន់ស្ងប់សឹក ឫតំបន់គ្មានយោធា ផានមុនចុម ដែលជាតំបន់ជាប់ព្រំដែនកូរ៉េទាំងពីរ ។

គេរំពឹងថា ជំនួបលើកទី៣រវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងលើកទី៣នេះ នឹងជាការបើកផ្លូវដ៏ទូលាយមួយសម្រាប់ទាំងខាងអាមេរិក និងទាំងខាងកូរ៉េខាងជើងក្នុងការជួបចរចាគ្នាជាបន្តទៀត ប៉ុន្តែក្តីរំពឹងនោះស្ទើររលាយសាបសូន្យហើយ ។

រហូតដល់ពាក់កណ្តាលខែកក្កដានេះ ទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនៅតែមានលក្ខណៈល្អប្រសើរនៅឡើយ ដោយមេដឹកនាំកំពូលនៃប្រទេសទាំងពីរ នៅតែបង្ហាញជំហរចង់ជួបចរចាបន្តទៀតស្តីពីការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង ។

ចាប់តាំងពីឆ្នាំ២០១៨រហូតដល់ពាក់កណ្តាលឆ្នាំ២០១៩នេះ លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានផ្ញើលិខិតអោយគ្នាទៅវិញទៅមកចំនួន១២ច្បាប់ហើយ ដោយលោក គីម ជុងអ៊ុន បានផ្ញើលិខិតអោយលោក ត្រាំ ចំនួន៨ច្បាប់ ហើយលោក ត្រាំ បានផ្ញើ៤ច្បាប់ ។

សរុបមក កិច្ចចរចាស្តីពីការរំសាយនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលកូរ៉េខាងជើង នៅមិនទាន់លេចចេញស្រមោលនៅឡើយទេ ដោយភាគីទាំងពីរបានត្រឹមតែនិយាយថាចង់ជួបចរចាសាជាថ្មី ប៉ុន្តែមិនអនុវត្តទេ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង