សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា នៅ​កម្ពុជា សព្វថ្ងៃ មាន​ជនបរទេស​រស់នៅ​តែ​ជាង ៨​ម៉ឺន ៨​ពាន់​នាក់​ប៉ុណ្ណោះ​

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់ និង​ការទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​។ ក្នុង​ពិធី​នេះ សម្តេច​ក្រឡាហោម ស ខេង បានប្រកាសថា នៅ​កម្ពុជា មាន​ជនបរទេស​រស់នៅ​ស្របច្បាប់ តែ​ជាង ៨​ម៉ឺន ៨​ពាន់​នាក់​ប៉ុណ្ណោះ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ប៉ូលិសអន្តោប្រវេសន៍ បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស កាន់កាប់​ប្រើប្រាស់ ចំនួន ៣៧៤៤១ ច្បាប់ ស្មើនឹង ២០០៩៣ គ្រួសារ ដោយមាន​មនុស្ស ៦៨៩៨៨១ នាក់ មាន ១០​សញ្ជាតិ ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​។​ ឯកសារមិនប្រក្រតីទាំងនោះ រួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជាដើម។​

​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា “​បើ​យើង​មិន​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​ទាំងនេះ​ទេ នោះ​ជនបរទេស​ជិត ៧​ម៉ឺន​នាក់​នេះ នឹង​ទទួលបាន​សញ្ជាតិ​ខ្មែរ ដោយ​ស្វ​យ​ប្រវត្តិ​។ នេះ​ជា​កំហុស​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ ក្នុងការ​ផ្តល់​លិខិត​ឯកសារ​រដ្ឋបាល មិន​ប្រក្រតី​ទាំងនោះ ដល់​ជនបរទេស​។ រីឯ​ជនបរទេស ដែល​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ទាំងនោះ ក៏​ប្រឈម​នឹង​ការ​ទទួលទោស​តាមច្បាប់​។ ម្យ៉ាងទៀត នៅពេលនេះ បើ​យើង​មិន​ធ្វើ នោះ​យើង​នឹង​ខុស ហើយ​កំហុស​នេះ នៅ​ស្ថិត​ស្ថិរ និង​ជា​កំហុស​ប្រវត្តិសាស្ត្រ​”​។​

​ទន្ទឹមនឹងនេះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ប្រកាសថា ប៉ូលិសអន្តោប្រវេសន៍ ក៏បាន​ទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នៅ​កម្ពុជា ចំនួន ៦០៥៦១ ឯកសារ ដោយមាន​មនុស្ស ២៨៥៧២ គ្រួសារ និង​មាន​សមាជិក​សរុប ៨​ម៉ឺន ៨​ពាន់ ១១២​នាក់ មាន ១១​សញ្ជាតិ​។ ពោលគឺ​សព្វថ្ងៃនេះ យើង​មាន​ជនបរទេស រស់នៅ​ស្របច្បាប់​នៅ​កម្ពុជា ជិត ៩​ម៉ឺន​នាក់ ដោយ​បូក​រួមទាំង​ជនបរទេស ដែល​កំពុង​ជាប់ពន្ធនាគារ ប្រមាណ ២០០​នាក់​ទៀត​៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង