ទីស្តីការគណៈរដ្ឋមន្ត្រីមោឃភាពប័ណ្ណកម្មសិទ្ធិអចលនវត្ថុរបស់ក្រុមហ៊ុន ING Holding នៅបឹងជើងឯក
(ភ្នំពេញ)៖ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមោឃភាពបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holding) របស់លោកឧកញ៉ា អ៉ឹង ប៊ុនហូវ នៅបឹងជើងឯក។ ការមោឃភាពនេះ ដោយសារក្រុមហ៊ុនមិនអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្ទៃបឹងជើងឯក ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
កាលពីពេលកន្លងទៅ ក្រុមហ៊ុន ING Holding បានធ្វើកិច្ចសន្យាមួយជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងផ្លូវថ្មីឈ្មោះ «មហាវិថីសម្តេចតេជោ» ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែងជាង ៩គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវលេខ២៧១ ក្បាលថ្នល់ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងនោះ ក្រុមហ៊ុនត្រូវដោះស្រាយរាល់ការប៉ះពាល់នានាដែលពាក់ព័ន្ធនឹងដីជា កម្មសិទ្ធិរស់នៅរបស់ប្រជាជន។ ប៉ុន្តែក្រុមហ៊ុន ING Holding មិនបានធ្វើតាមដូចបានសន្យាជាមួយនឹងរាជរដ្ឋាភិបាលឡើយ៕

