សមត្ថកិច្ចសម្រុះខេត្តព្រះវិហារ បង្ក្រាបទបល្មើសព្រៃឈើពីរថ្ងៃ រឹបអូសបានឈើជាង១៥ម៉ែត្រត្រីគុណ និងរឹបអូសសម្ភារៈកែច្នៃឈើមួយចំនួន

(ព្រះវិហារ)៖ ឈើសន្លឹក និងឈើដុំសរុបជាង១៥ម៉ែត្រត្រីគុណ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើរៀបចំរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត និងមួយចំណែកទៀត រក្សាទុកនៅថ្នាលបណ្តុះកូនឈើ នៅក្នុងប្រតិបត្តិការចុះបង្ក្រាប ទីតាំងសិប្បកម្មកែច្នៃឈើអត់ច្បាប់ និងទីតាំងលួចលាក់ស្តុកឈើទុកក្នុងព្រៃ កាលពីព្រឹកថ្ងៃទី០៩ ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ។

មន្ត្រីរដ្ឋបាលព្រៃឈើជាំក្សាន្ត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានវាស់វែងឃើញឈើសរុបចំនួន១៥,៨៥២ម៉ែត្រត្រីគុណ និងចាប់យកវត្ថុតាងមួយចំនួនរួមមាន តាបឈូសឈើ១គ្រឿង, ម៉ាស៊ីនវៀល១គ្រឿង, ម៉ូទ័រខាត់២គ្រឿង និងម៉ាស៊ីនគោយន្តចំនួន២គ្រឿង។

គួររំលឹកថា សមត្ថកិច្ចចម្រុះ នៅក្នុងខេត្តព្រះវិហារ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងសិប្បកម្មលួចលាក់កែច្នៃឈើឥតច្បាប់មួយកន្លែង នៅក្នុងភូមិរុងរឿង១ និងទីតាំងស្តុកឈើលួចលាក់ក្នុងព្រៃ ស្ថិតនៅក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ចំពោះប្រតិបត្តិការបង្ក្រាប បទល្មើសធនធានធម្មជាតិខាងលើនេះ ប្រើអស់រយៈពេលពេញពីរថ្ងៃ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ស៊្រុន ឡេងសៀក នាយរងសេនាធិការ ប្រចាំទិសស្រុកជាំក្សាន្ត រួមជាមួយនឹងមន្ត្រីរដ្ឋបាលព្រៃឈើជាំក្សាន្ត ដឹកនាំដោយលោក ចាន់ វិទ្យា នាយរងផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ក្រោមការសម្របសម្រួលពីលោក ទី សុវណ្ណថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ៕ (SN-សួន ពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com