ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ​សន្យា​ជំរុញឲ្យមានគម្រោង​វិនិយោគលេចធ្លោ​របស់អាមេរិក​មក​កម្ពុជា​

(ភ្នំពេញ)៖ បើទោះបីជាការវិនិយោគរបស់អាមេរិកនៅកម្ពុជានាពេលកន្លងមកនៅមានកម្រិតនៅទ្បើយ ប៉ុន្តែក្រុមហ៊ុនអាមេរិក បានចូលរួមចំណែកដោយ​ប្រយោល​តាមរយៈការ​ផ្គត់ផ្គង់គ្រឿងម៉ាស៊ីននិង​សេវា​បច្ចេកទេស។ល។ ​នេះជាការលើកឡើងរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) និងគណៈប្រតិភូមកពីក្រុមហ៊ុនអាមេរិកធំៗចំនួន១២ក្រុមហ៊ុន នៅថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០១៩។

ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបគណៈប្រតិភូពីវិធានការមុតស្រួចថ្មីៗមួយចំនួនក្នុងការធ្វើឱ្យប្រសើរទ្បើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ដែលបានសម្រេចដាក់ចេញដោយ​ សម្តេច ​តេជោនាយករដ្ឋមន្ត្រី នៅក្នុងឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ តាមរយៈ ការសម្រេចនេះ ក្រុមប្រឹក្សា ​អភិវឌ្ឍន៍កម្ពុជាទើបបានបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់ សេដ្ឋកិច្ចពិសេស ដែលនឹងអាច​ផ្តល់នូវការ​លើកទឹកចិត្ត​ដល់សកម្មភាពដែលយកចិត្ត ​ទុកដាក់ដល់សុខុមាលភាពនិយោជិត និងការ​ទទួលខុសត្រូវសង្គម ដែលក្រុមហ៊ុនវិនិយោគអាមេរិកមួយចំនួនបានធ្វើនាពេលកន្លងមក។

ប្រធានគណៈប្រតិភូ លោក Alexander Feldman បានអបអរសាទរចំពោះការបញ្ចប់ការតាក់តែងសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ និងបានសន្យាថានឹង ​ជំរុញឱ្យមានគម្រោងវិនិយោគលេចធ្លោរបស់អាមេរិកមកកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណ​ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជានិច្ចជាកាលតែងតែបានផ្តល់កិច្ចសហការយ៉ាងល្អ និងបានខិតខំប្រឹងប្រែងប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវខ្ពស់​ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះក្ដីកង្វល់ និងសំណូមពរពីភាគីអាមេរិក៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង