សមត្ថកិច្ចចុះទៅបិទដីកាកោះហៅរបស់តំណាងអយ្យការ នៅផ្ទះទណ្ឌិត សម រង្ស៉ី ដើម្បីឱ្យចូលឆ្លើយថ្ងៃទី៣១ ខែកក្កដា ខាងមុខ

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខណ្ឌមានជ័យ បានយកដីកាកោះ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅបិទនៅផ្ទះរបស់ទណ្ឌិត សម រង្ស៉ី ដើម្បីឲ្យចូលឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ តាមបណ្តឹងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមជម្រាបជូនថា លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ បានចេញដីកាកោះហៅ ទណ្ឌិត សម រង្ស៊ី ឲ្យចូលឆ្លើយបំភ្លឺក្នុងនាមជាជនសង្ស័យ។

គួររម្លឹកថា ក្រុមមេធាវីរបស់ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយទាមទារសំណងជំងឺចិត្តចំនួន ១លានដុល្លារ។

ដើមចមដែលឈានដល់ ការប្តឹងទណ្ឌិត សម រង្ស៊ី ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ពីព្រោះតែ ទណ្ឌិត សម រង្ស៊ី បានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពី មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ។

នៅក្នុងសារដែលទណ្ឌិត សម រង្ស៉ី បង្ហោះលើបណ្តាញសង្គម Facebook មានគោលបំណងមួលបង្កាច់ដោយទុច្ចរិតថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡង់ឌី និងបានបំភ្លៃការពិតថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមជម្រាបជូនថា មកដល់ពេលនេះ ទណ្ឌិត សម រង្ស៊ី ដែលជាអតីតប្រធានគណៈបក្សង្គ្រោះជាតិ កំពុងរងបណ្តឹងជាច្រើនករណី និងកំពុងមានដីកាតាមចាប់ខ្លួនជាច្រើនបទល្មើសផងដែរ ប៉ុន្តែទណ្ឌិត សម រង្ស៊ី បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសបារាំង ដែលជាប្រទេសកំណើតរបស់ខ្លួន៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com