សមត្ថកិច្ចឃាត់ខ្លួនបុរសចិន ៣នាក់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ពាក់ព័ន្ធករណី នាំលុយខុសច្បាប់ចូលកម្ពុជា ៩០ម៉ឺនដុល្លារ

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នៃការិយាល័យគយ និងរដ្ឋករ សហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ ប្រចាំច្រកទ្វា អន្តរជាតិ នៃអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនបុរសជនជាតិចិន ៣នាក់ បន្ទាប់ពីរកឃើញថា ពួកគេបាននាំយកលុយចំនួន ៩០ម៉ឺនដុល្លារ បង្កប់ក្នុងកាបូបដាក់ខោអាវ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។

ជនសង្ស័យ ទាំង ៣នាក់រួមមាន៖ឈ្មោះ Huang Canming អាយុ ២៧ឆ្នាំ, ឈ្មោះ Yang Yongwei អាយុ ២៦ឆ្នាំ ពួកគេជាអ្នកនាំយកលុយពីទីក្រុងហុងកុង ប្រទេសចិន មកកម្ពុជា និងឈ្មោះ Zizheng Zheng អាយុ ៣២ឆ្នាំ ជាអ្នកមកចាំទទួលនៅភ្នំពេញ។

ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ កម្លាំងនគរបាលប្រចាំច្រកទ្វាអន្តរជាតិ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ទើបតែចាប់បាន ជនជាតិកូរ៉េខាងត្បូង ២នាក់ ដែលពាក់ព័ន្ធករណី នាំប្រាក់ ជាង ២លានដុល្លារចូលកម្ពុជាផងដែរ៕ (ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com