តំបន់ជាប់ព្រំដែន ​និងខេត្តជាប់មាត់សមុទ្រ​ កំពុងត្រូវប៉ាន់ខ្លាំង​លើ​វិស័យសំណង់​

(ភ្នំពេញ)៖ ការអភិវឌ្ឍន៍វិស័យសំណង់​ក្នុងឆ្នាំ២០១៩នេះ មានសន្ទុះកើនឡើងយ៉ាងខ្លាំង បើធៀបទៅ​នឹង​ឆ្នាំមុន។ ជាមួយគ្នានេះ អ្នកជំនាញលើវិស័យសំណង់ និងអចលនទ្រព្យ បានមើលឃើញថា ទន្ទឹមនឹង​ការរីកចម្រើនេះ មានតំបន់៤កន្លែង នៅកម្ពុជាកំពុងមានសន្ទុះខ្លាំង។

លោក សន សៀប អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាស្ថាបនិកក្រុមហ៊ុន Key Real Estate បានអះ​អាងថា តំបន់ចំនួនទាំង៤កន្លែងនោះ គឺខេត្តព្រះសីហនុ ក្រុងបាវិត ក្រុងបោយប៉ែត និងរាជធានីភ្នំពេញ​ ដែលកំពុងមានការអភិវឌ្ឍន៍ផ្នែកសំណង់យ៉ាងខ្លាំង។

អ្នកជំនាញរូបនេះត្រូវបានស្រង់សំដីដោយទស្សនាវដ្តីសំណង់ និងអចលទ្រព្យ ផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកក្កដានេះថា នៅរាជធានីភ្នំពេញមានការរីកចម្រើនសំណង់ចម្រុះ ទាំងខុនដូ ទាំងអូតែល ទាំងអគារការិយាល័យ និងសំណង់ទូទៅ។ ចំណែកនៅតំបន់ជាប់ព្រំដែន ដូចជាទីក្រុងបាវិត និងបោយប៉ែតវិញ គឺសំណង់ភាគច្រើនផ្គត់ផ្គង់ទៅដល់ខាងសេវាដឹកជញ្ជូន ដែលវាធ្វើឲ្យសំណង់ទាំងអស់នឹងវាកើនឡើង មានទាំងអូតែល មានទាំង ភោជនីដ្ឋាន និងរោងចក្រ ឃ្លាំងជាដើម។

ដោយឡែក សម្រាប់នៅខេត្តជាប់មាត់សមុទ្រវិញ គឺខេត្តព្រះសីហនុ ដោយសារតែមានវិនិយោគិនចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ ទើបធ្វើឲ្យខេត្តមួយនេះរីកដុះដាលនូវសំណង់អគារយ៉ាងខ្លាំងដែលនឹងស្មាននឹងមិនដល់ ដែលរួមមានទាំងសណ្ឋាគារ និងកាស៊ីណូ បម្រើដល់សេវាកម្មកម្សាន្ត។

យ៉ាងណាមិញ អ្នកជំនាញខាងលើនេះ បានគូសបញ្ជាក់ថា ការរីកចម្រើនយ៉ាងគំហុកលើវិស័យសំណង់​នៅ​ខេត្តព្រះសីហនុនេះ វាមិនមានជម្រើសច្រើនសម្រាប់ភ្ញៀវទេសចរនោះទេ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង