នាយករដ្ឋបាលខណ្ឌព្រែកព្នៅ របស់លោក សុខ សម្បត្តិលើកគ្នាមករកដីតម្រូវប្លង់ តែដកថយយ៉ាងតក់ក្រហល់ ព្រោះខ្លាចខ្មាសគេ

(ភ្នំពេញ)៖ មន្ត្រីសាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានលើកគ្នាមកកំណត់ព្រំដី ដើម្បីឲ្យស៊ីគ្នាទៅនឹងប័ណ្ណកម្មសិទ្ធិ ដែលត្រូវបានកសាងឡើងតាមគោលនយោបាយចុះបញ្ជីជាប្រព័ន្ធប៉ុន្តែបានដកថយទៅវិញ ដោយសារទំហំព្រំដីនៅលើក្រដាសធំជាងទំហំព្រំដីជាក់ស្តែង។

ការណ៍ដែលមន្ត្រីសាលាខណ្ឌព្រកព្នៅ ដឹកនាំផ្ទាល់ដោយលោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ

ទៅរកដីតម្រូវប័ណ្ណ គឺនៅក្នុងករណីទំនាស់ព្រំដី និងផ្លូវចូលផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលតវ៉ាថា ប័ណ្ណកម្មសិទ្ធិដីធ្លីចុះបញ្ជីជាប្រព័ន្ធ ឬហៅថា អិលម៉ាប (LMAP) បានគ្របលើផ្លូវសាធារណៈ និងផ្ទះអ្នកជិតខាង។

ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងបានចូលរួមបង្កើតនេះ បានរៀបរាប់អំពីសាវតាថា ផ្លូវចាស់មានទំហំ៣ម៉ែត្រកន្លះ ចំណែកដីមានទំហំតូច ប៉ុន្តែក្រោយពីម្ចាស់ដីដើមនៅជាប់គ្នានេះ លក់ទៅឲ្យអ្នកផ្សេង ទើបពួកគាត់ដឹងថា ម្ចាស់ថ្មីធ្វើប័ណ្ណកម្មសិទ្ទិយកផ្ទះ និងផ្លូវរបស់ពួកគាត់។

ប្រជាពលរដ្ឋ បានតវ៉ាសុំឲ្យអាជ្ញាធរខណ្ឌ រៀបចំទុកផ្លូវឲ្យមានទំហំដូចដើម និងការពារផ្ទះពួកគាត់កុំឲ្យចូលទៅក្នុងប័ណ្ណ ដែលគ្របលើដីរបស់ពួកគាត់ តាមរយៈប័ណ្ណកម្មសិទ្ធិនេះ។

នៅក្នុងទំនាស់នេះ អាជ្ញាធរខណ្ឌព្រែកព្នៅ បានកោះហៅប្រជាពលរដ្ឋ និងម្ចាស់ប័ណ្ណ មកសម្របសម្រួលនៅមូលដ្ឋាន ប៉ុន្តែមិនត្រូវគ្នា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ទើបលោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំមន្ត្រីចម្រុះប្រមាណ១០នាក់ មកវាស់វែង តែមកដល់រៀបនឹងវាស់វែង ដោយមិនមើលព្រំចាស់ ឬក៏សួរនាំគូភាគីទេ បែរជាដាក់បន្ទុកលើអ្នកភូមិថា «មុននឹងភាគីខាងមុខធ្វើប្លង់ម្ដេចមិនទៅតវ៉ា ដល់តែប្លង់រឹងចេញមកហើយ បានមានបញ្ហា»។

ម្ចាស់ផ្ទះបានតបថា ពួកគាត់មិនបានដឹងពីការកសាងប័ណ្ណនេះឡើយ។

ស្របពេលពេលម្ចាស់ផ្ទះប្រកែកបែបនេះ លោក ស៊ឹម សុផង់ ឃើញអ្នកកាសែត ទើបសួរថា អ្នកណាហៅមក?រួចហើយក៏បន្ទោសអ្នកភូមិថា អ្នកាសែតមិនជូនដំណឹងទៅអាជ្ញាធរ។

ក្រោយមកលោកនាយករដ្ឋបាលស្រែកប្រកាស លោករំសាយការងារនេះ រួចឡើងជិះរថយន្តចេញទៅវិញ ដោយមិនបន្តការងាររកដីតម្រូវប័ណ្ណ។

ទាក់ទងករណីនេះលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ មិនទាន់បកស្រាយចំពោះករណីនេះទេ។

ដោយឡែកលោក ខុន វាសនា ប្រធានអន្តរវិស័យខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ករណីនេះនឹងមានការកោះហៅភាគីទាំងពីរមកដោះស្រាយម្ដងទៀត ព្រោះការណ៍ដែលលោក លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ លើកគ្នាមកវាស់វែង គឺធ្វើតាមការទាមទាររបស់ម្ចាស់ប័ណ្ណ ប៉ុន្តែពេលឃើញអ្នកកាសែត ក៏លោកត្រឡប់ទៅវិញ៕ (តាយ៉ង)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com