លោក​បណ្ឌិត សុខ ទូច ជោគជ័យ​ក្នុងការ​កែច្នៃ​ទឹកដោះគោ​ស្រស់ ដែល​ចិញ្ចឹម​នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន ឬ​ស្សី​ត្រឹប ខេត្តព្រះវិហារ​

(​ភ្នំពេញ​)៖ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ​ចិញ្ចឹម​គោ នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន ឬ​ស្សី​ត្រឹប ក្នុង​ខេត្តព្រះវិហារ ដែល​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ លោក​បាន​កែច្នៃ​ទឹកដោះគោ​ស្រស់ ហើយ​ចែកជូន និង​ប្រគេន​ព្រះសង្ឃ ដែលជា​និស្សិត សិស្សសាលា និង​មន្ត្រីរាជការ​ភ្លក់​រសជាតិ​ទឹកដោះគោ​ស្រស់​របស់លោក​។​

​នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ រាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់​ទឹកដោះគោ​ស្រស់ ដល់​ថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ដែល​កំពុង​សិក្សា​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​ភ្លក់​នូវ​រសជាតិ​ទឹកដោះគោ​ស្រស់​តេ​ជោ​សែន ឫស្សី​ត្រឹម ដែលជា​ទឹកដោះគោ​យើង ផលិតផល​យើង​។​

​ដោយឡែក កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ផ្សាភ្ជាប់​រវាង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន ឬ​ស្សី​ត្រឹប និង​សាលាស្រុក​ឆែប ខេត្តព្រះវិហារ អោយ​កាន់​តែមាន​ភាពស្និទ្ធស្នាល លោក​សុខ​ទូច ក៏បាន​ឧបត្ថម្ភ​ទឹកដោះគោ​ស្រស់​ចំនួន ១២​លីត្រ ទៅ​សាលាស្រុក​ឆែប ដើម្បី​ភ្លក់ ព្រោះនេះ​ជា​សមិទ្ធិផល​ដ៏​ល្អ នៅក្នុង​ស្រុក​ឆែប សមាសភាព​ចូលរួម​ភ្លក់ រួមមាន លោក ចាន់ លី អភិបាលរង​ស្រុក​ឆែប តំណាង​លោក​អភិបាលស្រុក នាយ​រដ្ឋបាល មន្ត្រី​សាលាស្រុក មន្ត្រី​សាលាឃុំ​ក្រោម​ឱវាទ​ស្រុក គ្រូឧទ្ទេស​របស់​អង្គការ World Vision សរុប​ប្រហែល ៣០​នាក់​។ ជារួម​មន្ត្រី​ចូលរួម​ភ្លក់​រសជាតិ​ទាំងអស់ កោតសរសើរ​ចំពោះ​នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន ឬ​ស្សី​ត្រឹប ខេត្តព្រះវិហារ ដែល​បានជ្រើសរើស​ទីតាំង​ស្រុក​ឆែប ធ្វើជា​ទីតាំង​ចិញ្ចឹម​គោ​ទឹកដោះ​នៅ​ទីនោះ ជាពិសេស​សរសើរ​មិន​ដាច់​ពី​មាត់​ពី​រសជាតិ​ដ៏​ឆ្ងាញ់​ពិសារ​របស់​ទឹកដោះគោ​។

​ជាការ​ឆ្លើយតប សម្រាប់​ពេលខាងមុខ នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន ឬ​ស្សី​ត្រឹប ខេត្តព្រះវិហារ និង​ផ្គត់ផ្គង់​ទឹកដោះគោ​ស្រស់​ដល់​កុមារ​នៅ​ស្រុក​ឆែប ដើម្បី​បំប៉ន​ផ្នែក​រៀងកាយ និង​បញ្ញា​អោយបាន​ល្អ​។​

​ដោយឡែក កាលពី​រសៀល​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន ឬ​ស្សី​ត្រឹប ខេត្តព្រះវិហារ បាន​ឧបត្ថម្ភ​ទឹកដោះគោ​ស្រស់​ចំនួន ២៨​លីត្រ ដល់​វិ​ទ្យ​ល័យ ហ៊ុន សែន ដូន​ទន់ ស្រុក​ឆែប ខេត្តព្រះវិហារ ដែលមាន​ការចូលរួម​ពិសា​ពី​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប​ចំនួន ២០០​នាក់​។​

​ជារួម​លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​ទាំងអស់ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន ឬ​ស្សី​ត្រឹប ខេត្តព្រះវិហារ ដែល​បាន​បរិ​វាក​ទឹកដោះគោ​ស្រស់​ដ៏​ឆ្ងាញ់​ពិសា​ដល់​វិទ្យាល័យ​។​

​កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំ​ដោយ​លោក សុខ ទូច បាន​ដឹកគោ​ទឹកដោះ តាម​រថយន្ត ពី​ប្រទេស​ថៃ ចូលទៅ​កាន់​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​។ រាជបណ្ឌិត្យសភាកម្ពុជា ចិញ្ចឹម​គោ​ផលិត​ទឹកដោះ ប្រកាន់​ភ្ជាប់​នូវ​ទ្រឹស្តី​នឹង​ការអនុវត្ត​ចងភ្ជាប់​ដោយ​លទ្ធផល និង​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

​លោក​បណ្ឌិត សុខ ទូច បាន​លើកឡើងថា នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​រាជបណ្ឌិត្យសភា​កម្ពុជា ក្នុងការ​ចិញ្ចឹម​គោ យក​ទឹកដោះ​។ យើង​បានរៀបចំ​តាម​បច្ចេកវិទ្យា​គោ​អឺរ៉ុប តាំងពី​ចំណីអាហារ ទឹក​ផឹក និង​កន្លែងដេក​។ ការចិញ្ចឹម​គោ យក​ទឹកដោះ​នេះ គឺ​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ រួច​ចែករំលែក​ដល់​កសិករ នៅពេល​ខាងមុខ​។​

​លោក សុខ ទូច បន្តថា ក្រោយពី​បាន​សិក្សា​ចប់សព្វគ្រប់ រាល់​លទ្ធផល​ទាំងនេះ នឹង​ផ្តល់​ជូនទៅ​រាជរដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាកសិករ ដែលមាន​បំណង​ក្នុងការ​ចិញ្ចឹម​គោ​ទឹកដោះ ដោយ​ប្រែក្លាយ​ការចិញ្ចឹម​សត្វ ពី​តាមបែប​យថាហេតុ មក​ចិញ្ចឹមសត្វ​បែប​ឧស្សាហកម្ម​វិញ​ម្តង​។​

​រាជបណ្ឌិត្យសភាកម្ពុជា បាន​យក​ទឹកដោះគោ​ស្រស់​នោះ ទៅ​សិក្សា​នៅ​បន្ទប់ពិសោធន៍ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ក្នុងនោះ ការកែច្នៃ និង​វេច​ខ្ចប់ ក៏​ត្រូវបាន​ប្រើប្រាស់​ឧបករណ៍ នាំ​មកពី​ប្រទេស​ថៃ ដែលមាន​ស្តង់ដា​ផលិត ជា​លក្ខណៈ​អន្តរជាតិ​៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com