បច្ចុប្បន្នកម្ពុជាមានប្រជាជនវ័យក្មេងធ្វើការច្រើន​ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ​ប៉ុន្តែបានបង្កជាបញ្ហាប្រឈម​

(ប៉ៃលិន)៖ រដ្ឋមន្រ្តីក្រសួងផែនការ ឯកឧត្ត ឆាយ ថន បានលើកឡើងថា កម្ពុជាបច្ចុប្បន្នមានប្រជា​ជន​វ័យក្មេងធ្វើការច្រើន ដែលជា “កាលានុវត្តភាព” សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែវាក៏បានបង្កជាបញ្ហាប្រឈមផងដែរ ទាមទារឲ្យមានការគិតគូរដល់ការអភិវឌ្ឍដោយមានផែនការច្បាស់លាស់។

ក្នុងពិធីបើកសិក្ខាសាលាមួយនៅខេត្តប៉ៃលិន នាពេលថ្មីៗនេះ ឯកឧត្ត ឆាយ ថន បានបន្តថា បម្រែបម្រួល​សង្គម-សេដ្ឋកិច្ច និងសង្គម-ប្រជាសាស្រ្ត ជាចម្បងៗ ដែលកម្ពុជាកំពុងជួបនោះ គឺ៖ ១) ការរីកចម្រើនជាលំដាប់នៃសេដ្ឋកិច្ចកម្ពុជា ២) បម្រែបម្រួលប្រជាសាស្រ្តដែលកំពុងនិងបន្តកើតមាន ៣) ផលប៉ះពាល់នៃបម្រែបម្រួលប្រជាសាស្រ្តមកលើ សង្គម សេដ្ឋកិច្ច និងបរិស្ថាន ៤) ការកើនឡើងនៃប្រជា​ជនវ័យចាស់ និង ៥) ការធ្វើទេសន្តរប្រវេសន៍និងបញ្ហានគរូបនីយកម្ម ដែលកំពុងកើតមាន។

បើតាមទិន្នន័យដែលបង្ហាញដោយរដ្ឋមន្ត្រីក្រសួងផែនការ៖
ការថយចុះនៃប្រជាជនវ័យក្មេង
• នៅឆ្នាំ១៩៩៨ ប្រជាជនកម្ពុជាអាយុ<១៥ឆ្នាំមានចំនួន៤៣% នៃប្រជាជនសរុប
• នៅឆ្នាំ២០០៨ ប្រជាជនកម្ពុជាអាយុ<១៥ឆ្នាំមានចំនួន៣៤% នៃប្រជាជនសរុប
• នៅឆ្នាំ២០១៨ ប្រជាជនកម្ពុជាអាយុ<១៥ឆ្នាំមានចំនួន២៨% នៃប្រជាជនសរុប
ការកើនឡើងនៃប្រជាជនវ័យធ្វើការ
• នៅឆ្នាំ១៩៩៨ ប្រជាជនកម្ពុជាអាយុ១៥-៦៤ឆ្នាំមានចំនួន៥៤% នៃប្រជាជនសរុប
• នៅឆ្នាំ២០០៨ ប្រជាជនកម្ពុជាអាយុ១៥-៦៤ឆ្នាំមានចំនួន៦២% នៃប្រជាជនសរុប
• នៅឆ្នាំ២០១៨ ប្រជាជនកម្ពុជាអាយុ១៥-៦៤ឆ្នាំមានចំនួន៦៦% នៃប្រជាជនសរុប

រដ្ឋមន្ត្រីដដែលបានបញ្ជាក់ថាការមានប្រជាជនក្នុងវ័យធ្វើការច្រើន ជាកាលានុវត្តភាព សម្រាប់ការ​អភិ​​វឌ្ឍសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ស្ថានភាពនេះក៏បង្កជាបញ្ហាប្រឈមផងដែរ ដែលទាមទារឲ្យមានការគិតគូរដល់ការអភិវឌ្ឍដោយមានផែនការច្បាស់លាស់ ទាំងរយៈពេលខ្លី ទាំងរយៈពេលមធ្យម ទាំងរយៈពេលវែង និង​ដោយគិតគូរ​ដល់​ចំណង​ទាក់ទងមិនអាចកាត់ផ្តាច់បានរវាងកត្តាប្រជាជន និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង