ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ព្រមានពីការហក់ឡើងខ្ពស់ នៃជំងឺគ្រុនឈាមនៅក្នុងរដូវវស្សានេះ

(សៀមរាប)៖ ក្នុងឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាម បានហក់ខ្ពស់ជាងឆ្នាំ២០១៨ រហូតដល់ទៅជាង៥ដង ដោយអ្នកកើតជំងឺគ្រុនឈាម ពាក់កណ្តាលឆ្នាំនេះ ដែលគិតចាប់ពីខែមករា ដល់មិថុនា ឆ្នាំ២០១៩ មានចំនួនសរុប ១៥,០០០ករណី ស្លាប់២៤នាក់។

លោកសាស្ដ្រាចារ្យ គី សាន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងឲ្យដឹងកាលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្នុងដើមរដូវភ្លៀវនេះ នឹងមានការកើនឡើងនូវជំងឺគ្រុនឈាម គួរឲ្យព្រួយបារម្ដ ដែលយើងអាចចាត់ទុកថា ការផ្ទុះនៃជំងឺគ្រុនឈាមក្នុងអំឡុងពេលមួយដ៏វែង ដូច្នេះសូមប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ព្រោះមានគ្រប់វ័យ ទាំងក្មេង ទាំងមនុស្សចាស់។

លោកសាស្ដ្រាចារ្យ បានបន្ដថា «ជារៀងរាល់ថ្ងៃ អ្នកជំងឺក្រៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងភ្នំពេញ និងសៀមរាប មានចំនួនជាង៤០០០ករណីក្នុងមួយថ្ងៃ ក្នុងចំណោម៤០០០នាក់នេះ ប្រហែល៧០០នាក់ ត្រូវចូលសម្រាកពេទ្យ ហើយក្នុងចំណោម៧០០នាក់នេះ គឺ៣០-៣៥ភាគរយ មានរោគសញ្ញាគ្រុនឈាម ដែលត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។

លោកសាស្ដ្រាចារ្យ បញ្ជាក់ទៀតថា «ក្នុងរយៈពេល២ថ្ងៃដើមខែកក្កដានេះ មានករណីថ្មីនៃអ្នកជំងឺគ្រុនឈាម ជាង៥០០នាក់ ហើយបើគិតពីដើមឆ្នាំ ចាប់ពីខែមករា ដល់ចុងខែមិថុនា មានប្រមាណជាង១៥០០នាក់។ សូមឲ្យប្រជាពលរដ្ឋសម្អាតបរិស្ថានជុំវិញផ្ទះ កុំឲ្យមានកន្លែងដក់ ដែលជាជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម » ។

សូមជម្រាបថា គិតពីខែមករា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ អ្នកជំងឺគ្រុនឈាម បានសម្រាក និងជាសះស្បើយ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប សរុបចំនួន១៦១៣៥ករណី ស្លាប់៣០នាក់៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com