ជិត២ទសវត្សមកនេះ ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​​កម្ពុជា​​ មានជាង៤៤​ពាន់​លាន​ដុល្លារ​

(ភ្នំពេញ)៖ ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា​ មានសន្ទុះកើនឡើងខ្លាំងក្នុងជិត២ទសវត្សកន្លងមកនេះ។ ដោយ​រាប់​ចាប់ពី​ឆ្នាំ២០០០​ ដល់​​ខែឧសភា​ ឆ្នាំ២០១៩នេះ​ គម្រោងវិនិយោគក្នុងវិស័យសំណង់មានចំនួន ៤៥​,​២៦៥​គម្រោង​​ គិតជា​ទឹកប្រាក់​ជាង ៤៤,៥ពាន់​លាន​ដុល្លាអាមេរិក។ នេះបើតាមឯកឧត្តម ​ជា​ សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់។

ក្នុងកិច្ចប្រជុំ​ស្ដីពី​ការសិក្សា​គម្រោង​ប្លង់​ និង​ការសាងសង់​អគារ​ ជាមួយម្ចាស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ​នានា នៅថ្ងៃទី៤ ខែកក្កដានេះ ឯកឧត្តម ​ជា​ សុ​ផា​រ៉ា បានអះអាងថា ការ​រីកចម្រើន​ដែល​មានសន្ទុះ ​ខ្លាំងក្លា​បែបនេះ​ ដោយសារតែ​ការ​ដាក់ចេញ​នូវ​គោ​លន​យោ​យបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ ក្នុង​ការ​ថែរក្សា​សន្តិភាព​ និង​កៀងគរ​អ្នក​វិ​និ​យោ​គគិ​នទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ឲ្យមក ​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

ជាមួយនឹង​ការ​រីកចម្រើន​នេះ​ ការចូលរួម​ពីសំណាក់​ពី​វិស័យ​ឯកជន​នៅក្នុង​ការអនុវត្ត​វិស័យ​សំណង់​កម្ពុជា​ ត្រូវតែគោរព​ច្បាប់​បទដ្ឋាន​ និង​ស្តង់ដារ​បច្ចេកទេស ដើម្បី​ការពារ​អាយុ​ជីវិត និង​ទ្រព្យ​សម្បត្តិ​របស់ ​ប្រជា​ពលរដ្ឋ ធានា​សុវត្ថិភាព និងគុណភាព​សំណង់​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ធានា​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកប​ដោយ​ចីរភាព​។ នេះបើតាមរដ្ឋមន្ត្រីក្រសួងដែនដីដដែល។

គួរបញ្ជាក់ថា ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំ​២០១៨​ មាន​ចំនួន ៥​,២៥៨លាន​ដុល្លារ​អាមេរិក​។ ដោយឡែក ​សម្រាប់​គម្រោង​អគារ​ខ្ពស់​ៗនៅ​ទូទាំង​ប្រទេស​ ចាប់ពីអគារកម្ពស់៥ជាន់ឡើង​ មាន​ចំនួ​ន​​១៣២៤អគារ​ គម្រោង​បុរី​លំនៅឋាន​ និង​បណ្តុំ​លំនៅឋាន​មិនមែន​ជា​លក្ខណៈ​បុរី​ មាន​ចំនួន២៥៨ទីតាំង​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com