ក្រុមការងារជំនាញ​រៀបចំផែនការមេ​អភិវឌ្ឍបណ្តាញលូទឹកកខ្វក់​ និងទឹកភ្លៀង ​នៅក្រុងកំពត​ និងក្រុងកែប​

(ភ្នំពេញ)៖​ ក្រុមការងារជំនាញពាក់ព័ន្ធ បានពិភាក្សាគ្នាពីគម្រោងសិក្សាសមិទ្ធិលទ្ធភាព និងការរៀបចំផែនការមេអភិវឌ្ឍបណ្តាញលូទឹកកខ្វក់ និងប្រព័ន្ឋលូទឹកភ្លៀង ក្រុងកំពត ខេត្តកំពត និងក្រុងកែប​ខេត្ត​កែប​។

ក្នុងកិច្ចប្រជុំពិភាក្សាបឋមលើគម្រោងនេះ កាលពីថ្ងៃទី២ ខែកក្កដា មានការចូលរួមពីនាយកដ្ឋានសំណង់ប្រព័ន្ឋចម្រោះទឹកកខ្វក់ តំណាងខេត្តកែប និងខេត្តកំពត មន្ទីរពាក់ព័ន្ឋ រួមនឹងអ្នកជំនាញមកពីក្រុមហ៊ុនសៀងហៃ អ៊ីនជីនៀរីង គ្រុប (Shanghai Engineering Group Co., Ltd)។

បើតាមអ្នកជំនាញ ការសិក្សាសមិទ្ធិលទ្ធភាព និងការរៀបចំផែនការគម្រោងមាន០៥ដំណាក់កាលផ្សេង​ៗ ដោយចាប់ផ្តើមពីការប្រមូលទិន្នន័យពីបណ្តាមន្ទីរខេត្ត និងក្រសួងពាក់ព័ន្ឋ ហើយការសិក្សាត្រូវចំណាយពេលសិក្សា ០៥-០៧ ខែ។ ក្នុងនោះ ក្រុមការងារបានចុះទស្សនៈកិច្ចទីតាំងមួយចំនួនដូចជាទីតាំងគ្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថានីយបូមទឹកឆៅក្រុងកំពត បណ្តាញលូបង្ហូរ ប្រភពបំពុលមួយចំនួនដែលបណ្តាលមកពីទឹកកខ្វក់ ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត និងពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅផ្សារក្តាមខេត្តកែប។

ក្រោយរយៈពេល០៣ខែ ក្រុមការងារសិក្សាគម្រោងនឹងដាក់ជូននូវពង្រាងការសិក្សារៀបចំផែនការមេអភិវឌ្ឍបណ្តាញលូទឹកកខ្វក់ និងទឹកភ្លៀង ដល់ស្ថាប័នថ្នាក់ក្រោមជាតិដើម្បីពិនិត្យ និងផ្តល់យោបល់កែលម្អបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com