អភិបាលខេត្តព្រះសីហនុ បញ្ជាឲ្យផ្អាកការដ្ឋានសំណង់គ្រោងដែក៣កន្លែង ដើម្បីត្រួតពិនិត្យបច្ចេកទេស និងគុណភាព

(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែក៣កន្លែងផ្សេងគ្នារបស់ជនជាតិចិន ផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន ដើម្បីបើកផ្លូវឲ្យក្រុមមន្ត្រីជំនាញត្រួតពិនិត្យមើលផ្នែកបច្ចេកទេស និងគុណភាពសំណង់ ជាមុនសិន។

មន្ត្រីចូលរួមអមដំណើរលោកអភិបាលខេត្ត ទើបតែងតាំងថ្មីរូបនេះ បានឲ្យដឹងថា ការសម្រេចឲ្យផ្អាកនេះ ធ្វើឡើងនៅពេលលោកអភិបាលខេត្ត ដើរពិនិត្យមើលការដ្ឋានសំណង់គ្រោងដែកចំនួន៣ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាគម្រោងវិនិយោគរបស់ជនជាតិចិន។

មន្ត្រីដដែលនេះបានឲ្យ Swift News ដឹងទៀតថា លោក គួច ចំរើន នឹងបន្តពិនិត្យមើលជាក់ស្តែងដល់ទីតាំងសំណង់គ្រោងដែកធំៗ ជាច្រើនកន្លែងទៀត ដែលភាគច្រើនជារបស់វិនិយោគិនចិន ហើយប្រសិនបើមានចំណុចសង្ស័យណាមួយ លោកអាចបញ្ជាឲ្យផ្អាកការសាងសង់ដូចគ្នា ដោយលើកហេតុផលថា ឲ្យក្រុមបច្ចេកទេសចូលត្រួតពិនិត្យផ្នែកបច្ចេកទេស និងគុណភាព។

ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ បានសាទរចំណាត់ការនេះ និងនាំគ្នាបន្តតាមដានមើលចំណាត់ការដទៃទៀតរបស់លោកអភិបាលខេត្តថ្មី មកលើសំណង់ដែលគេសង្ស័យថា សាងសង់ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ឬសាងសង់ឡើងមិនត្រូវតាមក្បួនខ្នាត។

ផ្ទុយទៅវិញ ពួកគាត់បានខ្សឹបគ្នា និងសួរគ្នាថា តើចំណាត់បែបនេះនឹងមានប្រសិទ្ធភាពប៉ុណ្ណា ខណៈមន្ត្រីដែលធ្លាប់បានបណ្តែតបណ្តោយឲ្យមានសំណង់បែបនេះ គឺជាមន្ត្រីនៅក្នុងខេត្តព្រះសីហនុដដែល។ ដូច្នេះ ពួកគាត់លើកជាចម្ងល់ថា តើវាជាវិធានការណ៍គោះទឹកឲ្យត្រីចូលស៊ង ឬយ៉ាងណា?

សូមរំឭកថា កាលពីព្រឹកព្រហាម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អគារគ្រោងដែកកម្ពស់៧ជាន់របស់ជនជាតិចិន មានទីតាំងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រំលំ កិនសម្លាប់កម្មករខ្មែរចំនួន២៨នាក់ និង២៦នាក់ទៀត បានរងរបួស ដែលបច្ចុប្បន្នអ្នកជាប់ពាក់ពន្ធ័មួយចំនួនកំពុងប្រឈមនឹងវិធានការតាមផ្លូវច្បាប់ ចំណែកមូលហេតុនៃការបាក់រលំកំពុងត្រូវបានស៊ើបអង្គេតដោយក្រុមជំនាញ។

ក្រោយកើតហេតុការណ៍ដ៏គួរឲ្យសោកស្តាយ កម្លាំងជួយសង្គ្រោះជាង១០០០នាក់ មកពីអង្គភាពនានា បានមកជួយរុករកមនុស្ស ដែលជាប់គាំងក្នុងគំនរអគារបាក់បែកនេះ ដោយមានវត្តមានថ្នាក់ដឹកនាំក្រសួងស្ថាប័នជាច្រើននាក់ចុះសួរសុខទុក្ខដោយផ្ទាល់ផងដែរ។ ជាពិសេសជាងនេះវត្តមានសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលដល់ទីតាំងបាក់រលំអគារនេះដោយផ្ទាល់រហូតដល់ការរុករកបានបញ្ចប់សព្វគ្រប់នៅម៉ោង៧,៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩៕

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com