ក្រុមហ៊ុនស៊ីជាំងរបស់ចិន​ ​មានបំណងវិនិយោគ​​លើវិស័យសំខាន់ៗ​​ ​នៅ​ខេត្តកណ្តាល​​

(កណ្តាល)៖ អគ្គនាយកក្រុមហ៊ុន Zhejiang Epoch Investment Co .Ltd លោក សុង សូសេង បានលើកឡើងថា ក្រុមហ៊ុន Zhejiang(ស៊ីជាំង) មានបំណងចង់វិនិយោគលើវិស័យសំខាន់សំខាន់ដូចជា មានគំរោង​ វិនិយោគលើវិសយ័ថាមពលអគ្គិសនីដើរដោយសំរាម មានអនុភាព ៥០មេហ្គាវ៉ាត់ ចំនួន១ទីតាំង និង​ថាមពល​អគ្គិនីដើរដោយធ្យូងចំនួន២តាំង។ គំរោងសាងសង់សួនឧស្សាហកម្មខ្នាតធំជំហ៊ានទី១ ចំនួន១០០រោងចក្រ ដោយប្រើប្រាស់បច្ចកវិទ្យាទំនើប និងសិក្សាលើផលិតផលកសិកម្មដូចជា ត្រី ស្រូវ ម្ទេស​ និង​ផ្លែឈើជាដើម សំរាប់ការនាំចេញទៅខេត្តស៊ីជាំង។

ការលើកឡើងរបស់តំណាងក្រុមហ៊ុនរបស់ចិននេះ ធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម ម៉ៅ ភិរុណ អភិ​បាល​ខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ នៅរដ្ឋបាលខេត្តកណ្តាល ដើម្បីស្វែងយល់ពីសក្ដានុពលវិនិយោគនៅក្នុងទឹកដីខេត្តកណ្តាល។

បើតាមអភិបាលខេត្តកណ្តាល ខេត្តកណ្ដាលមានសក្ដានុពលដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ជាវិស័យគោលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ ឯកឧត្តមបានបន្តថា ខេត្តកណ្តាលមានភូមិសាស្ត្រល្អ គឺហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសជាង៤៧០ ក្នុងនោះមានរោងចក្រកាត់ដេសំលៀកបំពាក់ និងដេរស្បែកជើងចំនួន ១៨៣ រោងចក្រ មានកម្មករជាង ១៦ម៉ឺននាក់ រក​ចំនូល​បាន ៣៧លាន$ក្នុង១ខែៗ ហើយជារៀងរាល់ឆ្នាំ ខេត្តកណ្តាល​សល់​ស្បៀង​គិត​ជាអង្កជាង ៥ម៉ឺន​តោន​សម្រាប់ការនាំចេញ។​

សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកណ្ដាល គឺខេត្តមានផ្លូវជាតិធំៗសំខាន់ៗជាច្រើនសម្រាប់ត​ភ្ជាប់​ទៅកាន់បណ្ដាខេត្តនានា ដូចជាផ្លូវជាតិលេខ ១ លេខ ២ លេខ ៣ លេខ ៤ លេខ ៥ លេខ ៦ លេខ ៨ លេខ ១១ លេខ ២១ និងលេខ ៥១។ ឯកឧត្តមបានឲ្យដឹងទៀតថា ខេត្តកណ្ដាលក៏មានស្ពានធំៗឆ្លងទន្លេផងដែរនៅមានដូចជាស្ពានអ្នកលឿង ស្ពានព្រែកតាមាក់ ស្ពានព្រែកក្តាម ស្ពានកោះធំ ស្ពានព្រែក​សំរោង នឹងមានស្ពានកោះអន្លង់ចិនដែលនឹងកសាងនៅពេលខាងមុខនេះ។

ជាពិសេសខេត្តកណ្ដាលឆាប់ៗនេះមានព្រលានយន្តហោះកម្រិតអន្តរជាតិមួយ១កន្លែង ដែលបានចំណាយ​ទឹកប្រាក់លើការវិនិយោគប្រមាណ ១៥០០ លានដុល្លារលើទំហំផ្ទៃដីជាង ២៧០០ ហិកតា។ ដូច​នេះ ខេត្តកណ្ដាលជាខេត្តមួយដែលមានកក្កានុពលល្អ សម្រាប់ក្រុមហ៊ុននានា ចូលមកវិនិយោគនាថ្ងៃខាងមុខ។ នេះបើតាមអភិបាលខេត្តកណ្តាលដដែល៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com