សំបុត្រ​មិត្ត​អ្នកអាន​៖ ប្រជាជន​សួរ​សំណួរ​តាមរយៈ Swift News ជូនឯកឧត្តម ជា សុផារ៉ា​

(​ភ្នំពេញ​)៖ ថ្មីៗ​នេះ មាន​បែកធ្លាយ​លិខិត​មួយច្បាប់​របស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​កម្មវត្ថុ​សុំ​សិទ្ធិអំណាច ដើម្បី​មាន​វិធានការ​លើ​អ្វីដែល​ហៅថា​៖ «​សំណង់​ខុសច្បាប់​» ដើម្បី​ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទាំងប្រទេស​។​

​នៅក្នុង​លិខិត​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​គោរព​ជម្រាបជូន សម្តេច​តេ​ជោ ហ៊ុន សែន ថា​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ស្នើសុំ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន ចំពោះ​ការដ្ឋាន​សំណង់​សណ្ឋាគារ អគារ​ស្នាក់នៅ​រួម អគារ​ពាណិជ្ជកម្ម អគារ​រោងចក្រ អគារ​សិប្បកម្ម និង​សំណង់​ផ្សេងទៀត ដែល​គ្មាន​លិខិតអនុញ្ញាត និង​/​ឬ​សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស លើកលែង​សំណង់​លំនៅឋាន​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ ដូចខាងក្រោម​៖
១-​ក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​មិន​ឲ្យ​មានការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ការដ្ឋាន​សំណង់​។​
២-​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ចាត់វិធានការ មិន​ឲ្យ​មានការ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ការដ្ឋាន​សំណង់​។​
៣-​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនត្រូវ​អនុញ្ញាត​ឲ្យ​ត​ភ្ជាប់​លូ​ចូល​បណ្តាញ​លូ​សាធារណៈ​។​
៤-​ក្រសួង ស្ថាប័ន និង​អង្គភាព​មាន​សមត្ថកិច្ច មិនត្រូវ​ផ្តល់​លិខិតអនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​។​
៥-​ក្រសួង​ព័ត៌មាន និង​អង្គភាព​មាន​សមត្ថកិច្ច មិនត្រូវ​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។​

​ទាក់ទិន​លិខិត​ខាងលើនេះ Swift News ក៏បាន​ទទួល​លិខិត​ពី​ប្រជាជន សួរ​សំណួរ​មួយចំនួន ទៅកាន់ ឯកឧត្តម ជា សុផារ៉ា ដូចតទៅ​៖

១- ចំពោះ​សំណង់​ដែល​កំពុង​ធ្វើ ឬ​ធ្វើ​រួចហើយ ហើយ​បើ​ដឹងថា សំណង់​ណាមួយ​នោះ សាងសង់​ដោយ​ខុសច្បាប់ ហេតុអ្វី សមត្ថកិច្ច ឬ ឯកឧត្តម មិន​ចាត់ចែង​ចុះ​ត្រួតពិនិត្យ ផ្អាក ឬ​ហាមឃាត់​ភ្លាមៗ​?

២- ឧបមា​ថា សំណង់​មួយ​នោះ បាន​សាសង់​រួចហើយ ហើយ​អត់​ច្បាប់ ដូច្នេះ អនាគត​សំណង់​នោះ ត្រូវធ្វើ​ដូចម្តេច​? ឬមួយ​ទុកចោល​មិន​អនុ​ញ្ញា​តឲ្យ​ដំណើរការ​ដូច​សំណើ​ទាំង​៥​ចំណុច​ខាងលើ​របស់​ឯកឧត្តម​? បើ​មាន​សំណង់​បែបនេះ​ច្រើន តើ​នឹងមាន​ទិដ្ឋភាព​សំណង់​គ្មាន​មនុស្ស​នៅ​ដល់​កម្រិតណា​?

៣-សំណើ​របស់ ឯកឧត្តម ជា​សុផារ៉ា ដែលមាន​បំណង​ហាម​គេ មិន​ឲ្យ​ត​បណ្តាញទឹក មិន​ឲ្យ​ត​ភ្លើង និង​មិន​ឲ្យ​បើក​អាជីវកម្ម តើ​ឯកឧត្តម យោង​លើ​ច្បាប់​អ្វី​?

៤- តើ​សំណើសុំ​សិទ្ធិអំណាច ក្រសួង​ដែនដី សម្រេច​លើ​សមត្ថកិច្ច​លើ​៖ ក្រសួង​ព័ត៌មាន​, ក្រសួងពាណិជ្ជកម្ម​, ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​, រដ្ឋាករទឹក​, តើ​យោង​លើ​ទិដ្ឋភាព​ច្បាប់​អ្វី​ដែរ​?

​ក្នុង​លិខិត​ដដែល​ប្រជាជនដាក់​ចម្ងល់​ថា​៖ ឃើញមានចែង​អំពី​វិធាន​ការហាម​លើ​សំណង់​និង​អ្នក​សាងសង់ អាជីវករ ប៉ុន្តែ​ប្រជាជន​មិនបាន​ឃើញ​មាន​អ្វី​ដែលជា​ការចែង​អំពី​ការផ្តល់សេវា ដែល​ត្រូវ​បម្រើ​ជូន​ម្ចាស់​សំណង់​វិញ​ទេ៖

​ទី​១- តើ​ការស្នើ​សុំច្បាប់​សង់​សំណង់​មួយ ត្រូវការ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ដើម្បី​បាន​ច្បាប់​អនុញ្ញាត​? ព្រោះ​សំណង់​ខ្លះ សុំច្បាប់​ឡើង​រាប់​ខែ ហើយ​យឺត​យ៉ាវនិង​ស្មុគស្មាញ​។

​ទី​២- តើ អត្រា​បង់ប្រាក់​សេវា​នៃ​ការស្នើ​សុំច្បាប់​សាងសង់ ថ្លៃ​ប៉ុន្មាន តាម​ទំហំ​នីមួយៗ​ខុសៗ​គ្នា​?

​ទី​៣- បើ​ប្រជាជន​មានការ​ស្មុគស្មាញ លើ​ការសុំច្បាប់ ឬ​ការចុះ​ត្រួតពិនិត្យ​គុណភាព​សំណង់​មាន​លក្ខណៈ​ស្មុគស្មាញ តើ​នឹង​ទាក់ទង​ឬ​រាយការណ៍​តាម​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​ណា​?

​ក្នុង​លិខិត​ដដែល ប្រជាជន​ក៏បាន​លើកឡើង​ដែរ​ថា​៖ កន្លងមក ករណី​ការដ្ឋាន​សំណង់​ខ្លះ ស្នើសុំ រយៈពេល​៥​ទៅ​៦​ខែ​ហើយ នៅតែ​មិនទាន់បាន ធ្វើ​ឲ្យ​យឺតយ៉ាវ ខាត​ពេលវេលា និង​ខាត​ថវិកា​។ ម្យ៉ាងទៀត បញ្ហាដីធ្លី​នៅមាន​ច្រើន​កន្លែង ដែល​ដោះស្រាយ​មិនទាន់​ចប់ សូម្បី​នៅក្នុង​ក្រុងភ្នំពេញ ក៏​នៅមាន​បញ្ហា​ទំនាស់​ដីធ្លី និង​មិនទាន់​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ផងដែរ​។

​ថ្មីៗ​នេះ ប្រជាជន​បានឃើញ​សារព័ត៌មាន​ដកស្រង់​ប្រសាសន៍ ឯកឧត្តម ជា សុផារ៉ា ថា​៖ «​ស្នើ​ម្ចាស់​សំណង់​កុំ​ឲ្យ​មាន​ទម្លាប់​ផ្តល់​ស្រោមសំបុត្រ ទៅ​ឲ្យ​មន្ត្រី​»​។ តើ ឯកឧត្តម មាន​ដាក់ពិន័យ​ឬ ហាម​មន្ត្រី កុំ​ឲ្យ​យក​ស្រោមសំបុត្រ​នោះទេ​?

​ក្នុងនាម ឯកឧត្តម ជា សុផារ៉ា ជា​រដ្ឋមន្ត្រីក្រសួង​ដែនដី តើ ឯកឧត្តម ធ្លាប់បាន​ប្តេជ្ញាចិត្ត​និង​សន្យា​ចំពោះមុខ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឬ​ហ៊ាន​ប្រកាស​ជា​សាធារណៈ​ប្រាប់​ប្រជាជន​ថា​៖ «​នឹង​ដោះស្រាយ​បញ្ហាដីធ្លី​នេះ​ឲ្យ​ចប់​នៅ​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​២០២៣ ឬ​ពេលណា​ជាក់លាក់​បានទេ​»?

​លិខិត​នេះ​គឺជា​សំណួរ ហើយ​ប្រជាជន​សង្ឃឹមថា​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មិន​ប្រកាន់​ទេ ដោយសារតែ​ឯកឧត្តម គឺជា​មន្ត្រី ដែល​ត្រូវ​បម្រើប្រជាជន​។ ជាការ​ពិត ដែល​មន្ត្រី ត្រូវមាន​ច្បាប់ មាន​សិទ្ធិអំណាច​ក្នុងការ​អនុវត្ត​ការងារ​។ ក៏ប៉ុន្តែ ជួនកាល​ក៏មាន​ការប្រើ​សិទ្ធិអំណាច​ជ្រុល​ពេក រំលង​ច្បាប់ និង​ជួនកាល​ក៏មាន​ការប្រើ​សិទ្ធិអំណាច​ដែល​មិនបាន​ជួយ​សម្របសម្រួល​ឲ្យ​មាន​ប្រសិទ្ធិភាព​នៅឡើយ​ទេ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com