ម្ចាស់រវុលយកកូនទៅពេទ្យត្រូវកំលាំងមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃទាញកម្ទេចចោល

បាត់ដំបង ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយខ្នង  ក្នុងចំណោមលំនៅដ្ឋានប្រមាណជាង ១០ខ្នង  ត្រូវបានកំលាំងឧទ្យានុរក្ស ដែនជម្រកសត្វព្រៃភ្នំសំកុស  ប្រើប្រាស់រថយន្តទាញផ្តួលរំលំចោល  បន្ទាប់ពីម្ចាស់ផ្ទះនេះ បានលបលួចសាងសង់ នៅក្នុងតំបន់ហាមឃាត់  ដែលជាតំបន់ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ។

 

 

 

ប្រជាពលរដ្ឋបានប្រាប់ថា  នៅថ្ងៃទី២០ ខែមេសា  ឆ្នាំ២០១៧នេះ  វេលាម៉ោង ១០ព្រឹក  មានករណីទាញផ្តួលលំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួនមួយខ្នង  ត្រង់ចំណុចច្រកចង្អៀត  ក្នុងភូមិព្រៃធំ  ឃុំកំពង់ល្ពៅ  ស្រុកសំឡូត  ខេត្តបាត់ដំបង  ដែលលំនៅដ្ឋាននេះ មានតែគ្រោងផ្ទះធ្វើអំពីឈើ  និងប្រក់ស័ង្កសីដោយមិនទាន់មានការបាំងបិទជញ្ជាំងនៅឡើយ ។ ប្រភពដដែលបានបន្តថា  នៅក្នុងតំបន់នេះគឺមានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង  បានសាងសង់ឡើងដោយមិនមានការអនុញ្ញាត ពីអង្គភាពជំនាញណាឡើយ  ព្រោះពួកគេយល់ថា  ដីនៅក្នុងតំបន់ខាងលើនេះ គឺជាតំបន់ហាមឃាត់  ព្រោះជាដីរបស់ក្រសួងបរិស្ថាន និងមានការការពារពីកំលាំងក្រសួងផងដែរ ។

 

 

 

 

នៅមុនពេលកើតហេតុ គេបានឃើញ កំលាំងដែនជម្រកសត្វព្រៃភ្នំសំកុស  ចំនួន ៤នាក់បានប្រើប្រាស់រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ  ចងអូសផ្ទះមួយខ្នងដែលមានទំហំ ៦ម៉ែតX៧ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ហេង សុជាតិ  និងប្រពន្ធ ឈ្មោះ មោក ចិន្តា  មានកូនចំនួន ២នាក់  ហើយការទាញផ្តួលរំលំនេះ  គឺគេបានធ្វើឡើងស្របពេលដែលម្ចាស់ផ្ទះ នាំកូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលជម្ងឺ ។

 

 

 

 

ប្រជាពលរដ្ឋ អះអាងថា  ពួកគេបានមករស់នៅយូរឆ្នាំមកហើយនោះ  ហេតុអ្វីលោក រ៉ុង ភ័ក្ត្រ  ប្រធានស្នាក់ការ  ដែនជម្រកសត្វព្រៃភ្នំសំកុស  ប្រចាំស្រុកសំឡូត  បានលើកឡើងថា  ភូមិសាស្ត្រខាងលើនេះ ជាដែនអភិរក្ស របស់ក្រសួងបរិស្ថាន  ហើយក៏មិនអនុញ្ញាតអោយនរណាម្នាក់ទៅសាងសង់លំនៅដ្ឋាន  ឬក៏ទន្ទ្រានយកដីមកកាន់កាប់ជាកម្មសិទ្ធិ។

 

 

 

លោក រ៉ុង ភ័ក្ត្រ  ប្រធាន ស្នាក់ការ ដែនជម្រកសត្វព្រៃភ្នំសំកុស  បានសង្កត់ធ្ងន់ថា  លំនៅដ្ឋានអនាធិបតេយ្យប្រមាណជាង ១០ខ្នង ក្នុងតំបន់នេះ  គឺមួយចំនួនគឺជារបស់សមត្ថកិច្ច  ប៉ុន្តែទោះបីជាយ៉ាងនេះក្តី  ក៏លោកបានរាយការទៅក្រសួង  ដើម្បីសុំគោលការណ៍រួចរាល់ហើយដែរ  នឹងបានជូនដំណឹងអោយគេរុះរើចេញជាច្រើនលើកច្រើនសាររួចមក  ហើយផ្ទះមួយខ្នងដែលកំលាំងបានទាញផ្តួលរំលំនេះ  គឺគេទើបនឹងសាងសង់ឡើងនៅក្នុងអំឡុងបុណ្យចូលឆ្នាំ  ខណៈដែលមន្ត្រីបរិស្ថានទៅលេងស្រុកអស់ ។

 

 

 

ជាចុងក្រោយលោកក៏បានសន្យាថា  និងធ្វើជាបណ្តើរៗទៅលើលំនៅដ្ឋានណាដែលរឹងទទឹងមិនព្រមរុះរើចេញពីតំបន់ដែនជម្រកសត្វព្រៃ  ដែលជាតំបន់ហាមឃាត់ទេនោះ  ទោះបីជាលំនៅដ្ឋានមួយចំនួនជារបស់សមត្ថកិច្ចក៏ដោយនោះ៕

photo_2017-04-22_01-16-07 photo_2017-04-22_01-16-15 photo_2017-04-22_01-16-20 photo_2017-04-22_01-16-25photo_2017-04-22_01-16-20 photo_2017-04-22_01-16-15

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង