ព្រឹកនេះ របៀបវារៈចំនួនពីរ សមាជិកព្រឹទ្ធសភា៥២រូបបានលើកដៃគាំទ្រទាំងស្រុង

(ភ្នំពេញ) ៖ ការពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពី លក្ខន្តិកៈ មន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ និង ការពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ ជារបៀបវារៈដែលព្រឹទ្ធសភាបានសម្រេចគាំទ្រមួយរយភាគរយ។

 

មួយ ៖ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី លក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញតិ្តនេះ ធ្វើឡើង ក្នុងគោលបំណងរៀបចំប្រភេទក្របខ័ណ្ឌថ្មីនៃមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញតិ្ត ឲ្យមានសង្គតិភាពស្របជា មួយនឹងគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ ដែលបានអនុវត្តចំពោះមន្រ្តីរាជការស៊ីវិល តាំងពីឆ្នាំ២០១៥ កន្លងមក។

 

សេចក្តីស្នើច្បាប់នេះ តាក់តែងឡើងមាន២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូង ចំនួន៩៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។

 

សេចក្តីស្នើច្បាប់នេះ គឺជាឧបករណ៍គតិយុត្តយ៉ាងសំខាន់ ដែលធានាបាននូវសង្គតិភាពរវាង ក្របខ័ណ្ឌនៃមន្រ្តីរាជការក្រុមនីតិប្បញ្ញតិ្ត និងក្របខ័ណ្ឌមន្រ្តីមុខងារសាធារណៈដទៃទៀត ស្របតាមបរិបទ នៃការវិវត្តរីកចម្រើនរបស់សេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា។

 

លោក ហ៊ូ ស្រ៊ី ប្រធានស្តីទី តំណាងក្រុមតំណាងរាស្រ្តហត្ថលេខី និងសហការី អមដោយ អគ្គលេខាធិការព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីជំនាញ បានអញ្ជើញមកការពារ សេចក្តីស្នើច្បាប់នេះ។

 

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

 

ពីរ ៖ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ។

 

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន៩២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។

 

ពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ មានគោលបំណងបង្កើនប្រសិទ្ធភាពនៃកិច្ចសហ- ប្រតិបតិ្តការលើការសម្រួលពាណិជ្ជកម្ម ដោយផ្តោតសំខាន់ទៅលើអត្ថប្រយោជន៍ដូចខាងក្រោម៖

 

១- រៀបចំកម្មវិធីកាត់បន្ថយ និង/ឬ លុបបំបាត់អត្រាពន្ធនាំចូល តាមបន្ទាត់ពន្ធនីមួយៗ

២- បន្ថែមនីតិវិធីគយក្នុងការសម្រួលពាណិជ្ជកម្ម

៣- វិធានសម្រាប់អនុវត្តការព្រមព្រៀងបដិការ។

 

ពិធីសារទី៣នេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្រ្តីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ នាថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

 

ពិធីសារទី៣នេះ នឹងផ្តល់អត្ថប្រយោជន៍សម្រាប់បណ្តាភាគីនៃកិច្ចព្រមព្រៀង ជាពិសេស សម្រាប់ ព្រះរាជាណាចក្រកម្ពុជា តាមរយៈនីតិវិធីសម្រួលពាណិជ្ជកម្មកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាព ខ្ពស់ឡើងថែមទៀត ដោយនឹងផ្តល់នូវការអនុវត្តការព្រមព្រៀងបដិការចំពោះប្រព្រឹត្តិកម្ម អត្រាពន្ធគយ ការកាត់បន្ថយ និង/ឬ លុបបំបាត់អត្រាពន្ធគយ ដោយអនុលោមទៅតាមការប្តេជ្ញាចិត្តរបស់ភាគីនីមួយៗ។

 

លោក កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញ តំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង