សម្តេចតេជោ ហ៊ុន សែន៖ ទឹកប្រាក់សប្បុជនជួយឧបត្ថម្ភបន្ថែម ដល់ជនរងគ្រោះករណីអគារបាក់រលំលើ មានចំនួនជា២លានដុល្លារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃនេះថា ទំហំទឹកប្រាក់សប្បុជនជួយឧបត្ថម្ភបន្ថែម ដលជនរងគ្រោះករណីអគារបាក់រលំលើ នៅខេត្តព្រះសីហនុមានចំនួនជា២លានដុល្លារ។

សម្តេចតេជោ បានប្រកាសបែបនេះ នៅទំព័រហ្វេសប៊ុកផ្លូវការថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ក្នុងហេតុការណ៍បាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់ របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា។

«ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង១២ ថ្ងៃ២៥ មិថុនានេះ ទទួល
ទឹកប្រាក់គិតជាដុល្លាចំនួន២,១៩៨,៤០០ដុល្លារអាមេរិក។

សមម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១មុឺនដុល្លារ សម្រាប់២៤នាក់​ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោង ដែលនៅរស់រានមានជិវិតដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣មុឺនដុល្លារ។ សរុបអ្នករបួសចំណាយអស់៣០មុឺនដុល្លារ»។

ចំណែកថវិកានៅសល់ចំនួន ១,៨៩៨,៤០០ដុល្លារ ត្រូវបែងចែកស្មើរៗគ្នាសម្រាប់អ្នកស្លាប់ចំនួន២៨នាក់ ដែលក្នុងមួយនាក់ទទួលចំនួន៦៧,៨០០ដុល្លារ នេះមិនគិតពីថវិការាជរដ្ឋាភិបាល១មុឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។

សម្តេចតេជោ បានបន្ថែមថា «លោក សេង ទៀង នាយករងខុទ្ទកាល័យរបស់ខ្ញុំនឹងរៀបចំជូនក្រុមគ្រួសារសព តាមរយៈធនាគារដើម្បីធានាសុវត្តិភាពសម្រាប់ក្រុមគ្រួសារសព។

«ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ ដែលបានជួយជាថវិកាសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ។ ជាថ្មីម្តងទៀតសូមអរគុណ និងកោតសរសើរចំពោះកម្លាំង ដែលបានចូលរួមជួយរុករក និងជួយសង្រ្គោះ ដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានៈជាជនរួមឈាមដូចគ្នា។ សូមអរគុណផងដែរ ដល់កម្មករ និងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុងកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)»៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com