ការដ្ឋានខ្សាច់តាមុយក្នុងឃុំវល្លិ៍សរបាក់ដីសង្កត់បណ្តាលឱ្យក្មេងស្លាប់ម្នាក់របួសម្នាក់

(កំពង់ស្ពឺ) ៖ ការដ្ឋានជីកយកខ្សាច់មួយកន្លែងបានឆក់យកជីវិតក្មេងប្រុសម្នាក់ រងរបួសម្នាក់ និងពីរនាក់ទៀតបានគេចផុត ដោយបាក់ដីក្នុងច្រាំងការដ្ឋានយកខ្សាច់ខាងលើ ព្រោះតែការកកាយ បូមយកខ្សាច់ខុសបច្ចេកទេស និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្ទីរជំនាញរ៉ែ និងថាមពលតែម្តង។

 

 

 

ហេតុការណ៍បាក់ដីក្នុងការដ្ឋានយកខ្សាច់ខាងលើ កើតមានឡើង នៅវេលាម៉ោង ២០ និង ២០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ ត្រង់ចំណុចការដ្ឋានខ្សាច់មួយកន្លែង ស្ថិតក្នុងភូមិព្រៃកោះ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យស្លាប់ម្នាក់របួសម្នាក់ និង ២នាក់ទៀតគេចផុត។

 

 

 

សេចក្តីរាយការណ៍បថម ពីនគរបាលប៉ុស្តិរដ្ឋបាល វល្លិសរ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចិក វុធថៃ ហៅម៉ាប់ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិតាកេរ្តិ៍  ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខណៈពេលជនរងគ្រោះ និងបក្ខពួក ៣នាក់ទៀត នាំគ្នាទៅរកចាប់សត្វកាដេដីរ ប៉ុន្តែត្រូវបានដីច្រាំង នៃការដ្ឋានខ្សាច់បានបាក់សង្កត់ថប់ដង្ហើមស្លាប់ បន្ទាប់មកក្រុមគ្រួសារបានកាយយកសពមកកាត់លំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

 

 

 

ប្រភពព័ត៌មាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ក្នុងការដ្ឋានខ្សាច់ និងបក្ខពួកចំនួន ៣នាក់ទៀត ទី១-មានឈ្មោះ ស័យ សុខខេវ ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះ ធឿន សំរិត ភេទប្រុស អាយុ ១៦ឆ្នាំ និងទី៣ឈ្មោះ ប៉ិច ធីនីន ភេទប្រុស អាយុ ១៥ឆ្នាំមានទីលំនៅភូមិតាកេរ្តិ៍ ឃុំរលាំងចក ស្រុកសំរោងទ បាននាំគ្នាទៅជីករកសត្វ (កាដេដី) នៅចំណុចដីច្រាំងបាក់ការដ្ឋានខ្សាច់ ស្ថិតនៅក្នុងភូមិព្រៃកោះ ឃុំវល្លិសរ ស្រុកសំរោង។ ប្រភពបន្តថា នៅពេលដែលកំពុងជីករុន្ធសត្វស្រាប់តែដីបាក់សង្កត់ពីលើឈ្មោះ ចិក វុធថៃ បណ្តាលអោយថប់ដង្ហើមស្លាប់នៅនឹងកន្លែងកើតតហេតុ និងឈ្មោះ ស័យ សុខខេវ បានរងរបួសស្រាលពីរនាក់ទៀតពុំមានរងរបួសទេ ។

លោកអនុសេនីយ៍ត្រី វិន ឡេងហួង មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកសំរោងទង ពិតជាមានករណីបាក់ដីសង្កត់មនុស្សស្លាប់ម្នាក់ នៅក្នុងការដ្ឋានខ្សាច់របស់តាមុយ ក្នុងភូមិព្រៃកោះ ឃុំវល្លិសរ ស្រុកសំរោងទង ដោយជនរងគ្រោះ និងគ្នាខ្នរបាននាំគ្នាទៅដើររកសត្វហើយដីច្រាំងការដ្ឋាននោះបាក់មកសង្កត់ស្លាប់តែម្តង។ លោកបន្តថា ករណីនេះក្រុមគ្រួសារបានកាយយកសពមកទៅធ្វើបុណ្យ និងមិនទាន់ឃើញមានការប្តឹងផ្តល់នោះទេ។

 

 

លោកវរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាល ស្រុកសំរោងទង បានប្រាប់នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះថា ពិតជាមានករណីបាក់កិនមនុស្សស្លាប់នៅការដ្ឋានខ្សាច់មួយកន្លែង នៅភូមិព្រៃកោះមែន ហើយលោកបានបញ្ជូនមន្ត្រីជំនាញ និងប៉ុស្តិ៍ចុះទៅស្រាវជ្រាវ និងសាកសួរព័ត៌មានផ្សេងៗនៅកន្លែងកើតហេតុហើយយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ។

 

 

 

លោកប៊ិញ ជីវតុង ប្រធាន មន្ទីររ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ អ្នកសារព័ត៌មាន សាកសួរពីករណីបាក់ច្រាំងដី ក្នុងការដ្ឋានយកខ្សាច់របស់តាមុយ ក្នុងភូមិព្រៃកោះ ឃុំវល្លិសរ ដែលបាក់សង្កត់មនុស្សស្លាប់នោះ លោកឆ្លើយ ថា មិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ព្រោះក្នុងតំបន់នោះមានការដ្ឋានខ្សាច់ដែលមានអាជ្ញាប័ណ្ណ៣ទៅ៤កន្លែង រងចាំគាត់ស៊ើបសួរសិន។

 

 

 

សូមបញ្ជាក់ថា ការដ្ឋានយកខ្សាច់របស់តាមុយ តែងតែបង្កការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងកាយបូមយកខ្សាច់ខុសបច្ចេកទេស ធ្វើឱ្យប៉ះពាល់ច្រាំងស្ទឹងព្រែកត្នោត  ដោយគ្មានការត្រួតពិនិត្យដិត និងត្រឹមត្រូវតាមបទដ្ឋានឡើយ។ ចំណែកមន្ត្រីជំនាញរ៉ែ និងថាមពល ខេត្តកំពុងស្ពឺ មិនបានយកចិត្តទុកដាក់ ទើបបង្កឱ្យមានផលប៉ះពាល់ និងបាត់បង់ចំណូលពន្ធរដ្ឋតាមរយៈការឃុបឃិតគ្នាលាក់បាំងសកម្មភាពល្មើសច្បាប់ ក្នុងការវាស់វែងគិតបង់ពន្ធសួយសារតែម្តង។

 

 

 

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារកាយយកមកធ្វើការបុណ្យតាមប្រពៃណី ។ រីឯចំណាត់បន្តក្រុមគ្រួសារសពដាក់ពាក្យបណ្តឹងឬយ៉ាងណាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ទេ ហើយមន្ត្រីជំនាញមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ មានវិធានយ៉ាងណាចំពោះការដ្ឋានខ្សាច់តាមុយក៏មិនទាន់មានដែរ៕

WhatsApp Image 2017-04-20 at 23.07.51 WhatsApp Image 2017-04-20 at 23.07.53 WhatsApp Image 2017-04-20 at 23.07.55 WhatsApp Image 2017-04-20 at 23.07.56 WhatsApp Image 2017-04-21 at 00.13.03

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង