ឯកឧត្តម ហ៊ុន ម៉ានី៖ យើងត្រូវគិតថា ទោះបីលំបាកបន្តិច ហត់បន្តិច លះបង់បន្តិច ការលះបង់ថ្ងៃនេះធានាថា កូនចៅយើងជំនាន់ក្រោយនឹងមានភាពសុខសាន្ត ហើយប្រទេសជាតិរបស់យើងនឹងរីកចម្រើនជាងនេះ

(កំពង់ធំ)៖  ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថា យើងត្រូវគិតថា ទោះបីលំបាកបន្តិច ហត់បន្តិច លះបង់បន្តិច ការលះបង់ថ្ងៃនេះធានាថាកូនចៅយើងជំនាន់ក្រោយនឹងមានភាពសុខសាន្ត ហើយប្រទេសជាតិរបស់យើងនឹងរីកចម្រើនជាងនេះ។

ឯកឧត្តមក៏បានបន្ដទៀតថា យុវជន យុវវ័យជាទំពាំងស្នងឫស្សី​ ហើយក៏ជាអ្នកបន្តវេនដែរ ដូច្នេះយុវជនមិនអាចចាំដល់ថ្ងៃអនាគត បានគិតនោះទេ ភាពទទួលខុសត្រូវចាប់ផ្ដើមពីការរៀនសូត្រ និងការគិតពីថ្ងៃនេះ ហើយត្រូវហ៊ានទទួលស្គាល់ពីចំណុចខ្សោយ ចំណុចខ្វះខាតរបស់យើងនាពេលនេះ។

ឯកឧត្តមានថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តម រួមជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

នាឱកាសនោះផងដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅ ដែលឯកឧត្តម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃចូលរួមក្នុងពិធីសំណេះសំណាលនាពេលនេះ។

ឯកឧត្តម ក៏បានលើកឡើងដែរថា កាលពី៤០ឆ្នាំមុន ចលនារណសិរ្ស ដែលដឹកនាំដោយយុវជន មានឈ្មោះថា «សមមិត្ត ហ៊ុន សែន» បច្ចុប្បន្ន គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា បានធ្វើការតស៊ូរំដោះប្រទេសជាតិចេញពីរបបឃោរឃៅព្រៃផ្សៃ ដោយយកអាយុជីវិតធ្វើជាដើមទុន។ វីរភាពដ៏អង់អាចក្លាហាននេះ គឺជាគំរូដ៏ល្អសម្រាប់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិរបស់យើង។

សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលរហូតមកដល់ថ្ងៃនេះ មានអាយុកាល៤០ឆ្នាំហើយ។ សហភាពសហព័ន្ធយុវជនកម្ពុជា ជាផ្នែកមួយរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានសម្តេចពោធិសាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ជាតំណាងរណសិរ្ស៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com