ម៉ាឡេស៊ីចាប់អារម្មណ៍​វិនិយោគសាងសង់​ផ្ទះស្នាក់​នៅតម្លៃសមរម្យ​លើទឹកដី​ខេត្តត្បូងឃ្មុំ​

(ត្បូងឃ្មុំ)៖ ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន បានសម្លឹងឃើញសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់លំនៅដ្ឋានមានម្លៃសមរម្យ ដែលជាគម្រោងកសាង​ផ្ទះស្នាក់នៅសម្រាប់​ប្រជា​ពលរដ្ឋ​ក្នុងតម្លៃសមរម្យ និងប្រជាពលរដ្ឋក្រីក្រអាចមានលទ្ធភាពទិញស្នាក់នៅ។ នេះជាការអះអាងរបស់លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា។

ក្នុងជំនួបជាមួយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកអគ្គរាជទូតម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា​ ពិសេសខេត្តត្បូងឃ្មុំ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ដល់ក្រុមហ៊ុនម៉ាឡេស៊ីដែលវិនិយោគនៅកម្ពុជា ទាំងលើក្របខ័ណ្ឌគតិយុត្ត និងកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសខេត្តត្បូងឃ្មុំ ក្នុងការជម្រុញការនាំអង្ករទៅប្រទេសម៉ាឡេស៊ី។

ឯកឧត្តម ជាម ច័ន្ទសោភ័ណបានស្វាគមន៍ចំពោះការវិនិយោគនៅលើទឹកដីខេត្តត្បូងឃ្មុំ ពីសំណាក់ក្រុមហ៊ុន​វិនិយោគ​ទុន​ម៉ាឡេស៊ី​ ពិសេសលើការសាងសង់ផ្ទះស្នាក់នៅ ដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ក្នុងខេត្ត។ ឯកឧត្តមក៍បានជំរុញអោយខាងម៉ាឡេស៊ី បង្កើនទំនាក់ទំនងផងដែរ ទៅលើវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ពិសេសខេត្តត្បូងឃ្មុំ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង