លិខិត​មិត្ត​អ្នកអាន​៖ «​សម រង្ស៊ី រសាប់រសល់ ​ព្រោះ​បណ្តឹងសម្តេច ហ៊ុន សែន ទៅ​តុលាការ​បារាំង​! »

​ចាប់តាំងពី​ថ្ងៃ​ ដែល​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ​បានប្រកាសថា សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ស ខេង កំពុង​ឲ្យ​មេធាវី​សិក្សា ​ដើម្បី​ដាក់ពាក្យ​ប្តឹង​លោក សម រង្ស៊ី ពីបទ ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​មកលើ​សម្តេច ​ហ៊ុន សែន ថា​បានសម្លាប់​លោក ហុក ឡងឌី មក វា​ហាក់បីដូចជា​លោក សម រង្ស៊ី មានការ​ភ័យ​ស្លន់ស្លោ​រសាប់រសល់ ដេក​មិន​លក់ បក់​មិន​ល្ហើយ ហើយ​ចេះតែ​រអិលមាត់ និយាយ​ប៉ប៉ាច់ប៉ប៉ោច​អំពី​ពាក្យបណ្តឹង​នេះ​។

​ខ្ញុំ​ជឿថា ​លោក សម រង្ស៊ី ពិតជា​ដឹង​ខ្លួនឯង​ច្បាស់​ណាស់​ថា ពាក្យបណ្តឹង​មួយ​នេះ ទោះជា​ប្តឹង​នៅ​តុលាការ​ប្រទេស​ណាក៏ដោយ មិនថាតែ​ស្រុក​ខ្មែរ ឬ​ស្រុក​បារាំង នោះទេ ក៏​លោក សម រង្ស៊ី ដឹង​តែ ពី​ចាញ់ក្តី​នេះ​១០០% ពីព្រោះ​វា​គឺជា​ការចោទប្រកាន់​ដោយ​អារម្មណ៍​តាម​ការនឹកឃើញ​ស្រមើស្រមៃ​ទៅតាម​ទម្លាប់ ដែល​គាត់​ធ្លាប់​បានធ្វើ​កន្លងមក​តែ ប៉ុណ្ណោះ​។​

​ខ្ញុំ​យល់ឃើញថា ពីព្រោះ​តែ​គាត់ ដឹងថា​ខ្លួន​ថា នឹង​ចាញ់ក្តី​ទាំង​​ស្រុង​បែបនេះហើយ ​ទើបបានជា​លោក សម រង្ស៊ី ដេក​មិន​លក់ បក់​មិន​ល្ហើយ ហើយក៏ ​«​ខិតខំ​ធ្វើយ៉ាងណា រារាំង​ពាក្យបណ្តឹង នេះ​» កុំ​ឲ្យ​ទៅ​ដល់ដៃ​តុលាការ បារាំង​។ ប៉ុន្តែ ការរារាំង​របស់គាត់​តាម «​យុទ្ធវិធី​វាយ​សំលុត​ដើម្បី​អោយគេ​ដកថយ​» ហាក់ដូចជា មិនមាន​ប្រសិទ្ធិភាព​នោះទេ​។

​តាម​សារជាតិ​និង​ចារឹក​ក្រឡិចក្រឡុច​ពី​កំណើត​របស់ខ្លួន លោក​សម រង្ស៊ី ខិតខំ​និយាយ​បូរបាច់​ដើម្បី​បង្វែរ​សំណុំរឿង​ឲ្យ​ទៅជា​សំណុំរឿង​ផ្សេង​ក្នុង​បំណង​ក្រែង​លោកនាយក​រដ្ឋមន្ត្រី​ឈប់​ប្តឹង​វិញ​។​
​ប៉ុន្តែ បើ​យោងតាម​ប្រភពព័ត៌មាន​ដែល​ខ្ញុំ​ទទួលបាន ក្រុម​មេធាវី និង​អ្នកច្បាប់​របស់​រដ្ឋាភិបាល​កំពុងធ្វើការ​ងារ​នេះ​យ៉ាងសកម្ម និង​យ៉ាង​ល្អិតល្អន់​ហ្មត់ចត់​បំផុត​មុននឹង​ដាក់​បណ្តឹង​អោយស្រប តាមច្បាប់​និង​និតិ​វិធី​របស់​តុលាការ​ប្រទេស​បារាំង​ហើយក៏​មិនអោយ​ផុត​អាជ្ញា​យុ​កាលដែល​អាច​ប្តឹង បាន​នោះដែរ​។

​ដូច្នេះ ប្រហែលជា​លោក សម រង្ស៊ី​ ឃើញថា ក្រោយពេល​មានការ​ផ្សាយ​ព័ត៌មាន​ថា សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្តឹង​ខ្លួន​ទៅ​តុលាការ​បារាំង​ ហើយ​ក្រោយមក ​បែរជា​ស្ងាត់​ទៅ​វី​ញ ទើប​គាត់​ចង់​ធ្វើតេស្ត ​ដើម្បី​​បញ្ជាក់ថា​តើសម្តេច ហ៊ុន សែន ប្តឹង​រឺ​អត់ ។ ត្រង់ចំណុច​នេះ ខ្ញុំ​យល់ឃើញថា លោក សម រង្ស៊ី ពិតជា​អន់​រក​លេខ​ដាក់​គ្មាន​ព្រោះ​គ្រាន់តែ​មូលហេតុ​ពិត​នៃ​ការបាត់​ដំណឹង​ថា ​ប្តឹង​រឺ​មិន​ប្តឹង ក៏​គាត់​វាយ​តំលៃ​មិនត្រូវ​ផង ហើយ​បែរជា​បកស្រាយ​ទៅជា​ថា សម្តេច ហ៊ុន សែន កំសាក​មិន​ហ៊ាន​ប្តឹង​ឯណា​ឯណោះ​ទៅ​វី​ញ​។​

ខ្ញុំ​យល់ឃើញ​ទៀតថា លោក រង្ស៊ី​ មិន​គប្បី​ចំណាយពេល​វេលា​ និង​ខួរក្បាល​គិត​ធ្វើ​រឿង​គ្មាន​ប្រយោជន៍​ ដែល​ធ្វើអោយ​ខ្លួនឯង ​កាន់តែ​បាត់បង់​ឥទ្ធិពល ហើយ​ទឹកមាត់​កាន់តែ​សាប​នោះ ទៀត​ទេ ។ ​

លោក សម រង្ស៊ី ក៏​មិនចាំបាច់​ព្យាយាម​បង្អាក់​ដំណើរការ​ពាក្យបណ្តឹង​នោះដែរ​ព្រោះ​ខ្ញុំ​កត់សំគាល់​ច្បាស់​ណាស់​ថាបើ លោក ហ៊ុន សែន សំរេច​ធ្វើ​អ្វីមួយ​ហើយ​គឺ​គាត់​នឹងធ្វើ​ទោះ​ដោយ​តំលៃ​ណាក៏ដោយ ​ហើយ​ជាពិសេស​យុទ្ធវិធី​កំចាត់​សត្រូវ​មួយ​របស់សម្តេច ​ហ៊ុន សែន​ ដែលលោក សម រង្ស៊ី​ គួរ​ចងចាំ​ទុក នោះ​គឺ​«​ការ​តាម​វាយ​សត្រូវ​ដល់ផ្ទះ​»​។

​ដូច្នេះ លោក​សម រង្ស៊ី គួរ​ត្រៀមខ្លួន​អោយបាន​ល្អ​ទើប​ជាការ ប្រសើរ​ជាង​ដើម្បី​តទល់​រឿងក្តី​នេះ​ នៅឯ​តុលាការ​បារាំង​។

​ខ្ញុំ​វាយ​តំលៃ​ថា ​ប្រហែលជា​មិនយូរ​ទេ គឺ​នៅពេលដែល​ពាក្យ បណ្តឹង​នោះ​ចូលដល់​តុលាការ បារាំង ចៅក្រម​នឹង​កោះហៅ លោក សម រង្ស៊ី ឲ្យ​ចូលទៅ​បំភ្លឺ​ជាមិនខាន​។ ​​ពេលនោះ តើលោក​សម រង្ស៊ី នឹង​ឡើងទៅ​តុលាការ​ដោយ​កាន់​ទៅជា​មួយ​នូវ​រូបថត ពីរ​បីសន្លឹក​ចម្លង​ចេញពី​សារព័ត៌មាន​ដែល​បង្ហាញ​ពី កម្ទេច​ឧទ្ធម្ភាគចក្រ​ទៅ​បង្ហាញ​តុលាការ​ដោយ​អះអាង​ដូចដែល​គាត់​ធ្លាប់​និយាយប្រាប់​វិទ្យុ VOA ថា ភាព​ខ្ទេចខ្ទាំ​របស់​ឧទ្ធម្ភាគចក្រ​នេះ​គឺជា​ភស្តុតាង​ដែល​បង្ហាញថា សម្តេច ហ៊ុន សែន បានដាក់​គ្រាប់បែក​សម្លាប់​លោក ហុក ឡងឌី​។ ហើយ​បើ​អ​ញ្ជឹ​ង​មែន​នោះ នៅពេលដែល​ចៅក្រម​តុលាការ បារាំង​សំរេច​កាត់​អោយ​គាត់ ចាញ់ក្តី ខ្ញុំ​ក៏​រង់​ចាំមើល​ដែរ​ ថា​​តើ លោក រង្ស៊ី​ នឹង​ចោទ​តុលាការ បារាំង​ថា​ម៉េច​? និង​ថា តុលាការ​បារាំង​ត្រូវជា​អ្វី​ជាមួយ សម្តេច ហ៊ុន សែន ​ដែរ​?

​នរណា​ក៏​ដឹង​ដែរ​ថា សម រង្ស៊ី ជា​មនុស្ស​ពុល​ទឹកមាត់​ហើយ​និយាយ​ចោទ​គេ​ប៉ាតណាប៉ាតណី​ដោយ​គ្មាន​មូលដ្ឋាន​។ សម រង្ស៊ី ជា​មនុស្ស​ធំធាត់ និង​រៀន សូត្រ​នៅ​ស្រុក​បារាំង ប៉ុន្តែ ទីបំផុត ច្បាប់​បារាំង​ក៏​មិនចេះ​ច្បាប់​ខ្មែរ​ ក៏​មិន​ស្គាល់​។

​នៅ​ស្រុក​ខ្មែរ អ្នកនយោបាយ​រូបនេះ ​ដឹង​តែ​ពី​ដើរ​អុជអាល ញុះញង់​បង្ករឿង​គ្រប់បែបយ៉ាង​និង​ជា​ជើងឯក​ក្នុងការ​និយាយ​ចោទ​គេឯង​ដោយ​គ្មាន​មូលដ្ឋាន​។ នេះហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​ជាប់​បណ្តឹង​រាប់មិនអស់​នៅ​តុលាការ​កម្ពុជា​។

​នៅ​ស្រុក​បារាំង ​ដែលជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ លោក សម រង្ស៊ី ភ្លេចខ្លួន​ថា ស្រុក​បារាំង​គេ​មិនអាច​និយាយ​ចោទប្រកាន់​អ្នកណាម្នាក់​ដោយ​គ្មាន​មូលដ្ឋាន​បានទេ​ជាពិសេស​ការ​ចោទ​
​ប្រកាន់​រឿង​សម្លាប់​មនុស្ស​ដែល ជា​រឿង​ធ្ងន់ធ្ងរ​បំផុត​។ ហើយ​ពេលដែល​គាត់​និយាយ​ចោទ​លោក នាយករដ្ឋមន្ត្រី​ថា បានសម្លាប់​លោក ហុក ឡងឌី ~ លោក​សម រង្ស៊ី ប្រហែលជា​ភ្លេច​គិតថា គាត់ មាន​សញ្ជាតិ​បារាំង​ដែរ​ដែល​គេ​អាច​ប្តឹង​គាត់​ទៅ​តុលាការ​បារាំង​បាន​ដូច​ពាក្យ​សុភាសិត​ខ្មែរ​ពោលថា «​កុក​អាច​ភ្លេច​ជុង​តែ ជុង​មិនដែល​ភ្លេច​កុក​ទេ​»​។​

​ខ្ញុំ​នៅចាំ​បាន​ថា កាលពី​ឆ្នាំ ២០០៦ លោក​សម រង្ស៊ី ធ្លាប់​ត្រូវបាន​សម្តេច ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ ​ដើម្បី​លើកលែង ទោស​ឲ្យ​រួច​ផុតពី​សាលដីកា របស់​តុលាការ​។ ហើយ​មុននឹង​ឈានដល់​ការលើកលែងទោស សម រង្ស៊ី ក៍បាន​សរសេរ​លិខិត​សុំទោស លោក ហ៊ុន សែន ដែល​ខ្ញុំ​សូម​ដកស្រង់​ខ្លឹមសារ​សំខាន់បំផុត​នៅក្នុង​លិខិត​នោះ​ដូចតទៅ « ខ្ញុំ​មានការ​សោកស្តាយ​ ដោយបាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ ចំពោះ​សម្តេចនាយក​រដ្ឋមន្ត្រី ដូចជា​ការចោទប្រកាន់​ថា សម្តេចនាយក រដ្ឋមន្ត្រី​នៅ​ពីក្រោយ​ការ​គប់​​គ្រាប់បែក​លើ​ហ្វូង​បាតុករ ​ថ្ងៃ ៣០ ខែមីនា ឆ្នាំ ១៩៩៧ នៅមុខ​រដ្ឋសភា​ ការ​ចោទ​សម្តេចនាយករដ្ឋមន្ត្រី​ថា ប៉ុនប៉ង​សម្លាប់​ឥស្សរៈជន​ប្រាំ​នាក់ និង​ការចោទប្រកាន់​មួយចំនួនទៀត​មកលើ​ស​ម្តេច​នាយករដ្ឋមន្ត្រី​។ ល​។ និង​។​ល​។ ចាប់ពី​ថ្ងៃនេះ​តទៅ ខ្ញុំ​នឹង​ផ្លាស់ប្តូរ​ឥរិយាបថ​របស់ខ្ញុំ​ ដើម្បី​បញ្ចប់​បញ្ហា​ទាំងអស់នោះ ហើយ​ចៀសវាង​មិន​ឲ្យ​បញ្ហា​ទាំងអស់នោះ​កើតមាន​ទៀត​» ។

ខ្លឹមសារ​នៃ​លិខិត​សារភាព សុំទោស​របស់ សម រង្ស៊ី នេះ​គឺជា ភស្តុតាង​ជាក់ស្តែង​បំផុត ​ដែលបញ្ជាក់​ថា រាល់​ការចោទប្រកាន់​មកលើសម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​អម្បាលម៉ាណ គឺជា​ការ​ចោទ​ទាំង​បំពាន​ដែល ​សម រង្ស៊ី បានទទួល​សារភាព​កំហុស រួចហើយ​។ តើ សម រង្ស៊ី មាន​អ្វី​អាច​ឆ្លើយ​ចំពោះមុខ​តុលាការ បារាំង​បាន​ទៀត​? ភស្តុតាង​ក៏​គ្មាន សេចក្តី​សារភាព​របស់ខ្លួន​ក៏​នៅ មាន​ជា​ធរមាន ។ ដូច្នេះ សម រង្ស៊ី ក៏អាច​ទទួលទោស​នៅ​ចំពោះមុខ​តុលាការ​បារាំង​បានដែរ​។ ហើយ​នេះ​ជា​រឿង​អាម៉ាស​បំផុត​ដែល​សម រង្ស៊ី ភ័យខ្លាច​ហើយ ​ស្លន់ស្លោ រសាប់រសល់ ចេះតែ និយាយ​ប៉ប៉ាច់ប៉ប៉ោច​ពាក់ព័ន្ធ​នឹង​បណ្តឹង​នេះ​។

​ឆ្លៀតឱកាស​នេះ រូបខ្ញុំ​ ដែល​គ្រាន់តែ​ជា​អ្នកតាមដាន​នយោបាយ​តុ​កាហ្វេ​មួយរូប តែ​ខ្ញុំ​អាច​​ស​ន្និ​ដ្ឋាន​​បាន​ច្បាស់​ណាស់​ថា លោក​ សម រង្ស៊ី ពិតជា​នឹង​ចាញ់ក្តី​មួយ​នេះ​ទាំងស្រុង​។ ហេតុដូច្នេះ គ្មាន​ហេតុ​ផល​​ណាមួយ​ ដែលសម្តេច ហ៊ុន សែន ប្តូរ​ចិត្ត​មិន​ប្តឹង​វិញ​នោះឡើយ​។ ម្យ៉ាង​វិញ​ទៀត ពាក្យបណ្តឹង​មួយ​នេះ ​ដែល​នឹងធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន ឈ្នះ​លើគោក គឺ​ពិត​ជាមាន​អត្ថន័យ​ធំធេង​ ចំពោះ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៖

​អត្ថន័យ​ទី​១៖ គឺជា​ការព្រមាន​ដល់​មនុស្ស​មាត់ដាច​ដូច សម រង្ស៊ី ថា មាន​មាត់​មិនមែន​ចេះតែ​និយាយ​ចោទ​គេ​បាន​តាមចិត្ត​ឡើយ ទោះជា​នៅក្នុង​ប្រទេស​បិតា​ប្រជាធិបតេយ្យ​ក៏​មិនអាច​ធ្វើដូច្នេះបាន​ដែរ ពីព្រោះ​វា​ជាការ​បំពាន​សិទ្ធិ​អ្នកដទៃ​។​

​អត្ថន័យ​ទី​២៖ ការសម្រេចចិត្ត​របស់​តុលាការ​បារាំង​ដែល​ឲ្យ សម រង្ស៊ី ចាញ់ក្តី​នឹង​ក្លាយជា​សារ​ដ៏​សំខាន់​មួយ​ដែល​បញ្ជាក់ប្រាប់​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​ថា សេចក្តីសម្រេច​របស់​តុលាការ​កម្ពុជា​ដែល​បាន​ផ្តន្ទាទោស សម រង្ស៊ី កន្លងទៅ​គឺជា​សេចក្តីសម្រេច​ត្រឹមត្រូវ​។​

​អត្ថន័យ​ទី​៣៖ នៅលើ​លោក​នេះ យុត្តិធម៌​ពិតជា​មាន ហើយ​នីតិរដ្ឋ​ក៏ត្រូវ​តែមាន​។ យុត្តិធម៌ និង​នីតិរដ្ឋ ត្រូវ​បែងចែក​ដាច់ស្រឡះ​ពី​រឿង​នយោបាយ​ដោយ​គ្មាន​អ្នកណា​អាច​កាឡៃ​បានឡើយ​។

​ទាំងអស់នេះ​ គឺជា​សន្លឹក​អាត់​ដែល​សម្តេច ហ៊ុន សែន មាននៅ​ក្នុង​ដៃ​។ ដូច្នេះ គ្មាន​ការសង្ស័យ​អ្វី​ឡើយ ​អំពី​សំណុំរឿង​មួយ​នេះ ​ដែល​នឹងត្រូវ​ឡើងដល់​តុលាការបារាំង ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ​ដោយ​គ្មាន​ការប្រែប្រួល​ឡើយ​។

​ដូច្នេះ សូមលោក​សម រង្ស៊ី ឈប់​ស្រមើស្រមៃ​ទៀត​ចុះ​ ពាក់ព័ន្ធ​នឹង​បណ្តឹង​មួយ​នេះ ហើយ​ម្យ៉ាង​វិញ​ទៀត ​បើ​លោក រង្ស៊ី​ អាច​ឈប់​និយាយ​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​ ដោយសារតែ​កា​ភ័យខ្លាច​របស់ខ្លួន​បាន ​វា​ជាការ​ល្អ​ជាង​ ព្រោះ​ការនិយាយ​កាន់តែច្រើន កំហុស​កាន់តែ​ធំ ទោស​កាន់តែ​ធ្ងន់ ហើយ​គុក​ក៏​កាន់តែ​នៅ​ជិត​ផ្ទះ​ហើយ​ដែរ​៕

​ដោយៈ អ្នកតាមដាន​នយោបាយ​តុ​កាហ្វេ​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com