សម្តេច​ក្រឡាហោម ស ខេង ផ្ញើ​សារ​ថ្វាយព្រះពរ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ គម្រប់​ព្រះជន្ម ៨៣ យាង​ចូល ៨៤ ព្រះវស្សា​

(​ភ្នំពេញ​)៖ ថ្ងៃ​១៨​មិថុនា ឆ្នាំ​២០១៩ ជា​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ គម្រប់​ព្រះជន្ម ៨៣ យាង​ចូល ៨៤ ព្រះវស្សា​។ ក្នុងឱកាស​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ សម្តេច​សូម​ព្រះ​បរម​រាជានុញ្ញាត សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ក្រៃលែង ប្រកបដោយ​ស្វាមីភក្តិ​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​ពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិ​ខ្មេរ គម្រប់​ព្រះជន្ម ៨៣ យាង​ចូល ៨៤ ព្រះវស្សា​។​

​ក្នុង​សារលិខិត សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា “​ទូលព្រះបង្គំ​យើងខ្ញុំ សូម​ព្រះ​បរម​រាជានុញ្ញាត សម្តែង​នូ​វក​ត្ត​ញ្ញូ​តា​ធម៌​ដ៏​ជ្រាលជ្រៅ ចំពោះ​ព្រះមហា​ករុណា​ទិ​គុណ​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្តេច​ព្រះមហា​ក្ស​ត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​ព្រះអង្គ តែង​បាន​យក​អស់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ ក្នុង​ព្រះរាជ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ ជាទី​ស្រឡាញ់​របស់​ព្រះអង្គ​។

​ទន្ទឹមនេះ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា តាមរយៈ​ព្រះរាជតួនាទី​ជា​ព្រះប្រធាន​ក​តិ្ត​យស​កាកបាទក្រហមកម្ពុជា ព្រះអង្គ​តែង​យក​ព្រះទ័យ​ទុកដាក់​ខ្ពស់​ចំពោះ​ព្រះរាជកិច្ច​ក្នុង​ការងារ​សង្គម សាសនា និង​អប់រំ​សិក្សាធិការ​។​ល​។ ជាងនេះទៀត ព្រះអង្គ​ក៏បាន​រួមចំណែក​យ៉ាង​ធំធេង ក្នុងការ​លើកកម្ពស់​តួនាទី និង​តម្លៃ​ស្ត្រី​ក្នុងសង្គម តាមរយៈ​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម ជា​ព្រះប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​។​

​ក្នុងឱកាស​ដ៏​នក្ខត្តឫក្ស​វិសេសវិសាល​នេះ សម្តេច​ក្រឡាហោម ស ខេង បានទូល​ថ្វាយ​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ថា «​ទួល​ព្រះ​បង្គំ​យើងខ្ញុំ​ទាំងអស់គ្នា ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ សូម​លើក​ហត្ថ​ប្រណម្យ បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ ក្នុង​លោក មាន​ទេវតា​រក្សា​ព្រះមហា​ស្វេត​ច្ឆ័​ត្រ និង​ព្រះ​បារមី​នៃ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រ​យា​នី​ខ្មែរ​គ្រប់​ព្រះអង្គ និង​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ទុ​ង្សា​ទេវី សូម​ព្រះអង្គ តាម​បីបាច់​ថែរក្សា ប្រោះព្រំ​សព្ទសាធុការពរ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ មហាប្រសើរ​ថ្វាយ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រមទាំង​ព្រះ​ញាតិវង្សានុវង្ស សូម​បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។​

.​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ​៖
​សម្តេចម៉ែ ទ្រង់​ព្រះ​ប្រសូត នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៣៦ ដោយ​ក្រោយពេល​ព្រះ​ប្រសូត្រ ព្រះអង្គ​ទ្រង់មាន​ព្រះនាម​ដើម​ថា «​ប៉ូ​មូ​និ​ច អ៊ី​ស៊ី​» ជា​បុត្រី​របស់លោក ហ្ស​ង់​ហ្វ្រ​ង់ ស្វ័​រ​អ៊ី​ស៊ី ជនជាតិ​បារាំង មាន​ដើមកំណើត នៅ​ប្រទេស​អ៊ីតាលី និង​ព្រះ​មាតា មាន​ព្រះនាម ប៉ុ​ម​ពាង ជា​ជនជាតិខ្មែរ និង​មាន​ព្រះអនុជ​មួយ​ព្រះអង្គ មាន​ព្រះនាម អាន​ម៉ា​រី​ស អ៊ី​ស៊ី​។ ចំណែក​ព្រះបិតា បានទទួល​មរណភាព ក្នុង​កំឡុង​សង្គ្រាមលោក ​លើក​ទី​២​។​

​ក្នុង​ខែមេសា ឆ្នាំ​១៩៥២ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​អតីត​ព្រះមហាវីរក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ព្រះ​បរម​រតន​កោដ្ឋ​)​។​

​ក្រោយ​អភិសេក ព្រះអង្គ​ទ្រង់ មាន​ព្រះរាជ​បុត្រា ២​ព្រះអង្គ គឺ​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជបុត្រ​ច្បង និង​ព្រះអង្គម្ចាស់ នរោត្តម ន​រិ​ន្ទ្រ​ពង្ស ជា​ព្រះរាជបុត្រ​ពៅ​។ ប៉ុន្តែ​ព្រះអនុជ នរោត្តម ន​រិ​ន្ទ្រ​ពង្ស ទ្រង់​បាន​សោយ​ទិវង្គត កាលពី​ឆ្នាំ​២០០៣ ដោយ​ជំងឺ​បេះដូង​។​

​ឯកសារ​បង្ហាញថា កាលពី​វ័យ​កុមារ សម្តេចព្រះ​មហាក្សត្រី ទ្រង់​បាន​ចូល​សិក្សា​នៅ​សាលាបឋម​សិក្សា​ព្រះនរោត្តម ហើយ​ទ្រង់ បាន​បន្ត​ការសិក្សា នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ តែ​ក្រោយមក ព្រះអង្គ​ទ្រង់ ត្រូវបាន​ផ្ទេរ​ទៅ​សិក្សា នៅ​វិទ្យាល័យ រ៉ូ​ណេ​ឌី​កាត វិញ​ម្ដង ដែល​ស្ថិតនៅ​ជិត​វត្តភ្នំ​។​

​ចំពោះ​ព្រះរាជកិច្ច​ក្នុងសង្គម​វិញ​នោះ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​ព្រះអង្គ​ធ្លាប់ មាន​ព្រះរាជតួនាទី ជា​ព្រះប្រធាន​កាកបាទក្រហមកម្ពុជា ចាប់​ទសវត្ស​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៧០​។​

​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នាពេល​បច្ចុប្បន្ន មាន​ព្រះរាជតួនាទី ជា​ព្រះប្រធាន​កិត្តិយស នៃ​កាកបាទក្រហមកម្ពុជា​។ ជាមួយគ្នានេះ សម្តេចព្រះ​មហាក្សត្រី ទ្រង់​តែងតែ​យាង​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ផ្ទាល់​របស់​ព្រះអង្គ និង​អំណោយ​កាកបាទក្រហម របស់​សប្បុរសជន ចែក​ជូន​ដល់​ប្រជានុរាស្ត្រ​ដែល​មកពី​តាម បណ្តា​ខេត្ត​នានា ដែល​បាន​ជួបជុំ​ទទួល នៅក្នុង​ព្រះបរមរាជវាំង និង​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត និង​មានការ​អម​ព្រះរាជកិច្ច ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជានិច្ច​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង