Top News៖ តុលា​ការចេញ​ដីកាឃុំខ្លួន មេការ​ក្លឹប​កម្សាន្ត លុ​ច្ស​សារី នៅ​គុក PJ ខណៈ​ម្ចាស់​ក្លឹប​កំពុងរត់គេចខ្លួន​

(​ភ្នំពេញ​)៖ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ បានចេញ​ដីកា​សម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន មេកា​ក្លឹប​កម្សាន្ត លុ​ច្ស​សារី ម្នាក់ ពាក់ព័ន្ធ​បទល្មើស ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​។ ដោយឡែក ថៅកែ​ក្លឹប​កម្សាន្ត លុ​ច្ស​សារី ដែលជា​ជនជាតិ​វៀតណាម កំពុង​រត់គេចខ្លួន​។

​ជន​ត្រូវ​ចោទ ដែលជា​មេការ មានឈ្មោះ ហួន ទូច ភេទប្រុស អាយុ៤០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ហួន ទូច កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ម្សិលមិញ នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់ លោក​ចៅក្រម កូយ សៅ ក្រោម​បទចោទប្រកាន់​ពីបទ ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ក្លឹប លុ​ច្ស​សារី ផ្ទះ​លេខ​៤២ ផ្លូវ​លេខ​២១៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ យោងតាម​មាត្រា៤២ និង​មាត្រា​៤៤ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​ប្រភពពី​សមត្ថកិច្ចស្នងការនគរបាល រាជធានីភ្នំពេញ បាន​បង្ហើប​ថា មេក្លោង​ធំ ដែលជា​ម្ចាស់​ក្លឹប​កម្សាន្ត លុ​ច្សា​សារី ជា​ជនជាតិ​វៀតណាម កំពុងតែ​រត់គេចខ្លួន​។​

​គួររម្លឹកថា កាលពីពេល​ថ្មីៗ​នេះ តុលាការ​បានសម្រេច​ឃុំខ្លួន បុគ្គលិក​ក្លឹប​កម្សាន្ត លុ​ច្សា​សារី ចំនួន១៧​នាក់ (​វៀតណាម៤​នាក់​) ពាក់ព័ន្ធ​បទល្មើស ជួញដូរ​គ្រឿងញៀន​៕ (​ឡុ​ក សំរិត​)​

 

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង