ប្រេង ធ្លាក់​ថ្លៃ​បន្តិច ចាប់ពី​ថ្ងៃទី​១៦-៣០​មិថុនា តែ​ប្រជាពលរដ្ឋ មើលឃើញថា ប្រេង​ឡើងថ្លៃ​លឿន ចុះថ្លៃ​យឺត​ដដែល​!

(​ភ្នំពេញ​)៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៦-៣០ មិថុនា ឆ្នាំ​២០១៩ ប្រេងសាំង​ធម្មតា លក់​ក្នុងតម្លៃ ៣៥០០ រៀល ក្នុង ១​លីត្រ និង​ប្រេងម៉ាស៊ូត ថ្លៃ ៣៤០០ រៀល ក្នុង ១​លីត្រ​។ តម្លៃ​ប្រេង​រយៈពេល ១៥​ថ្ងៃ បាន​ចុះថ្លៃ ២៥០ រៀល បើ​ធៀប​នឹង​រយៈពេល ១៥ ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​ដោយឡែក ប្រេងសាំង​ស៊ុប​ពែរ គឺ​ក្រសួងពាណិជ្ជកម្ម មិនបាន​កំណត់​ថ្លៃ​ទៀត​ទេ ពោលគឺ​ក្រសួង​ទុក​ឲ្យ​ក្រុមហ៊ុន​ប្រេង លក់​ប្រកួតប្រជែង​តម្លៃ​គ្នា​។ ក្នុងនោះ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅតាម​ស្ថានីយ​ប្រេង​នានា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ លក់​ក្នុងតម្លៃ ៣៨៥០ រៀល ទៅ ៣៩០០ រៀល ក្នុង ១​លីត្រ​។​

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ បាន​លើកឡើងថា តម្លៃ​ប្រេង​ធ្លាក់ចុះ​ក្នុង​រយៈពេល ១៥​ថ្ងៃនេះ តែ​ក្រសួងពាណិជ្ជកម្ម ទើបតែ​ផ្សព្វផ្សាយ​តារាង​តម្លៃ​ប្រេង​ថ្មី នៅ​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​ក្រុមហ៊ុន​ប្រេង ក៏​ទើបតែ​លក់​បញ្ចុះតម្លៃ នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ដោយនៅ​ស្ថានីយ​ប្រេង​ខ្លះ ពិសេស​នៅ​ភ្នំពេញ រហូតដល់​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ក៏​នៅ​បន្ត​លក់​តម្លៃ​ខ្ពស់ តាម​តារាង​ចាស់​នៅឡើយ​។​

​ករណី​ប្រេង​ឡើងថ្លៃ​លឿន និង​ចុះថ្លៃ យឺត​នេះ ត្រូវបាន​ប្រជាពលរដ្ឋ កត់សម្គាល់ថា កើត​ឡើងជា​ញឹកញាប់ ពិសេស​នៅ​ចុះ​ថ្ងៃ​ផ្លាស់ប្តូរ​តម្លៃ​ថ្មី ត្រូវចំ​ថ្ងៃបុណ្យ​ជាតិ និង​នៅ​ថ្ងៃ​សៅរ៍ អាទិត្យ ដែល​មន្ត្រីរាជការ និង​បុគ្គលិក​ក្រុមហ៊ុន ឈប់សម្រាក មិន​ធ្វើការ​។ តែ​បើសិនជា​ប្រេង​ឡើងថ្លៃ​វិញ គឺ​មិនយឺត​ឡើយ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង