តុលាការ នឹងប្រកាសសាលក្រម សម្រេចជោគវាសនា លោក ផែង វណ្ណៈ នៅព្រឹកនេះ

(ភ្នំពេញ)៖ ប្រសិនបើពុំមានអ្វីប្រែប្រួលនោះទេ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក លី សុលេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសម្រេចទោស លោក ផែង វណ្ណៈ ពាក់ព័ន្ធសំណុំរឿង បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិ បទឧក្រិដ្ឋជាអាទិ៍។

សូមជម្រាបជូនថា ឯកឧត្តម គី តិច មេធាវីការពារសិទ្ធិ និងជាតំណាងឲ្យ សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់បានស្នើសុំឲ្យតុលាការផ្តន្ទាទោសលោក ផែង វណ្ណៈ ទៅតាមច្បាប់ ប៉ុន្តែមិនទាមទារសំណងជំងឺចិត្តពីជនជាប់ចោទនោះទេ។

ឯកឧត្តម គី តិច បានលើកឡើងថា «ការបង្ហោះសារ និងរូបភាពប្រៀបធៀប របស់ជនជាប់ចោទ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងធ្វើឲ្យមានការយល់ច្រឡំលើសម្តេចតេជោ ប្រាកដមែន។ ប៉ុន្តែដោយសារ ជនជាប់ចោទមានការភ្ញាក់រលឹក ទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈចំពោះទង្វើរបស់ខ្លួន ដូច្នេះសម្តេចតេជោ មិនបានទាមទារសំណងពីជនជាប់ចោទនោះទ»។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅជនជាប់ចោទ បានទទួលកំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តនាពេលកន្លងមក។ ជនជាប់ចោទ ក៏បានសុំទោសចំពោះទង្វើទាំងអស់នេះ និងសន្យាឈប់ប្រព្រឹត្តតទៅទៀតហើយ។ លោក ផែង វណ្ណៈ ក៏បានសំណូមពរឲ្យតុលាការបន្ធូរបន្ថយទោសដល់រូបលោកផងដែរ។

ចំណែកលោកមេធាវី លី រដ្ឋធី ជាតំណាងឲ្យអង្គភាពសារព័ត៌មាន Fresh News បានសំណូមពរឲ្យតុលាការផ្តន្ទាទោស ជនជាប់ចោទតាមច្បាប់។ ដោយឡែកចំពោះការទាមទារសំណង ៥០ម៉ឺនដុល្លារកាលពីពេលមុននោះ មកដល់ពេលនេះ ដើមបណ្តឹងទុកសិទ្ធិជូនតុលាការសម្រេចតាមឆន្ទានុសិទ្ធិ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោកចៅក្រម លី សុខលេង និងលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ បានបើកសវនាការកាត់ទោសលោក ផែង វណ្ណៈ តាមបណ្តឹងរបស់ឯកឧត្តម គី តិច មេធាវីការពារសិទ្ធិរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រី និងលោក លី រដ្ឋធីតំណាងឲ្យអង្គភាពសារព័ត៌មាន Fresh News ពាក់ព័ន្ធសំណុំរឿង បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិ បទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សូមរម្លឹកថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោក ផែង វណ្ណៈ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ឯកឧត្តម គី តិច មេធាវីរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីសាកសួរតាមនីតិវិធី លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនលោក ផែង វណ្ណៈ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិ បទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕(ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង